Sydney- (Reuters)
នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បាននិយាយថាលោកបានព្យាយាមដើម្បីរៀបចំឲ្យមានការសន្ទនាជាមួយនឹងលោកប្រធានាធិបតីបារាំង Emmanuel Macron ប៉ុន្តែមិនបានទទួលជោគជ័យរហូតមកដល់ពេលនេះបន្ទាប់ពីលោកបានផ្អាកកិច្ចសន្យានាវាមុជទឹកដែលនាំឲ្យមានជម្លោះការទូតជាមួយទីក្រុងប៉ារីសមួយអាទិត្យកន្លងមក។ ថ្លែងនៅក្នុងទីក្រុង វ៉ាស៊ីនតោន កាលពីថ្ងៃពុធ លោកបាននិយាយថាលោកនឹងខិតខំអត់ធ្មត់ដើម្បីឲ្យមានទំនាក់ទំនងជាមួយបារាំងឡើងវិញ។
ទីក្រុងប៉ារីសបានកោះហៅឯកអគគ្គរដ្ឋទូតរបស់ខ្លួនពីទីក្រុង កង់បេរ៉ានិងក្រុងវ៉ាស៊ីនតោន ដោយបាននិយាយថាវាជាការខ្វះវិចារណញ្ញាណរបស់អូស្ត្រាលីក្នុងការធ្វើសេចក្តីសំរេចចិត្តផលិតនូវនាវាមុជទឹកជាមួយនឹងអង់គ្លេសនិងអាមេរិកជាជាងរក្សារនូវកិច្ចសន្យាជាមួយនាវាមុជទឹកបារាំងដែលប្រើប្រេងម៉ាហ៊្សូត។
លោកប្រធានាធិបតី Macron និងBiden បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធដើម្បីសម្រួលនូវទំនាក់ទំនង, ខណៈដែលបារាំងបាននិយាយថាឯកអគ្គរដ្ឋទូតរបស់គេនឹងត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញនៅសប្តាហ៍ក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយលោកMorrison ដែលកំពុងស្ថិតនៅក្នងសហរដ្ឋអាមេរិកសំរាប់កិច្ចប្រជុំជាបន្តបន្ទាប់នៅក្នុងសប្តាហ៍នេះបាននិយាយថាលោកបានខិតខំព្យាយាមរៀបចំឲ្យមានការជួបជាគ្នាតាមទូរស័ព្ទជាមួយនឹងលោកប្រធានាធិបតីបារាំងប៉ុន្តែមិនបានជោគជ័យ។
លោកនាយករដ្ឋមន្ត្រី Morrison បាននិយាយបន្ទាប់ពីមានការជួបប្រជុំជាមួយនឹងអ្នកច្បាប់អាមេរិកដើម្បីជជែកគ្នាអំពីកិច្ចសន្យារឿងនាវាមុជទឹកនិងរឿងសម្ព័ន្ធភាពសន្តិសុខថ្មីជាមួយអង់គ្លេសនិងអាមេរិកដែលហៅកាត់ថា AUKUS ថា “ បាទ,យើងបានធ្វើរឿងនេះ ប៉ុន្តែឱកាសសំរាប់ការសន្ទនាគ្នានោះមិនទាន់មាននៅឡើយទេប៉ុន្តែយើងនឹងធត់ធ្មត់ , ខ្ញុំកំពុងរង់ចាំនៅពេលណាមួយដែលពេលវេលាបានមកដល់យើងនឹងពិភាក្សារគ្នា“ ។