សាកស្រម៉ៃអ្នកគេងលង់លក់អស់ពេលជាយូរដោយគ្មានមូលហេតុ ដែលភាគច្រើនកើតឡើងនៅក្នុងរឿងនិទានតែប៉ុណ្ណោះ វាមិនអាចកើតឡើងក្នុងជីវិតពិតបានទេ ប៉ុន្តែវាបែរជាកើតមានឡើងទៅវិញ។ នៅក្នុងភូមិជនបទដ៏តូចមួយឈ្មោះ កាឡាឈី នៃប្រទេសកាហ្សាក់ស្ថាន (ជាប្រទេសមួយនៅក្នុងអាស៊ីកណ្តាល ជាប់ព្រំប្រទល់ជាមួយរុស្សុី ចិននិងប្រទេសតូចៗដទៃទៀត) ដែលរស់នៅជាមួយនឹងជំងឺអាថ៌កំបាំងនេះក្នុងឆ្នាំ២០១២។ ប្រទេសកាហ្សាក់ស្ថានជាប្រទេសដំបូងគេនៅលើពិភពលោក ដែលទទួលរងផលប៉ះពាល់នៃជំងឺនេះ ដោយមានប្រជាជនជាងមួយភាគប្រាំនៃប្រជាជនទាំងអស់ បានគេងលង់លក់ក្នុងដំណេកដូចស្លាប់ អស់រយៈពេលជាច្រើនថ្ងៃ ជួនកាលដល់មួយអាទិត្យក៏មាន។
មានមូលហេតុជាច្រើនដែលធ្វើអោយមនុស្សជួបប្រទះនិងជំងឺម្យ៉ាងគឺជំងឺគេងច្រើន។ ប៉ុន្តែជាធម្មតាស្ថានភាពប្រភេទនេះ យើងអាចកត់សំគាល់នូវជំងឺមួយចំនួន ដូចជា ជំងឺបាក់ទឹកចិត្ត ជំងឺឆ្កួតជ្រូក ជំងឺផាកឃីនសាន និងសូម្បីតែជំងឺវិកលចរិក។ បន្ទាប់មកក៏មាន ជំងឺដ៏កម្រមួយ ដែលគេអោយឈ្មោះថា Kleine-Levin (KLS) ដែលត្រូវបានគេស្គាល់ថា “ជារោគសញ្ញានៃជំងឺងងុយដេកមុនពេលអាធ្រាត” ។ វាជាជំងឺម្យ៉ាងដែលបណ្តាលអោយមនុស្សគេង លើសពី ២០ ម៉ោងក្នុងមួយថ្ងៃ។ ពេលខ្លះមនុស្សរស់នៅក្នុងជីវិតធម្មតាសុខៗ ស្រាប់តែជំងឺនេះ កើតមានឡើង ពួកគេនឹងចំនាយពេលគេងពេញមួយថ្ងៃ ដោយមិនធ្វើអ្វីទាំងអស់ អស់រយៈពេលជាច្រើនថ្ងៃរឺខែ។ អ្នករាយការណ៍ម្នាក់របស់ Healthline បានអោយដឹងថា អ្នកដែលមានជំងឺនេះ ពួកគេគ្រាន់តែងើបពីគេង ដើម្បីទទួលទានអាហាររីក៏ទៅបន្ទប់ទឹក ហើយត្រលប់មកគេងវិញ។ ដោយសារតែជំងឺ KLS មិនមានរោគសញ្ញាអ្វីមួយ គួរអោយកត់សំគាល់ ដូច្នេះយើងមិនអាចការពារទុកជាមុនបានទេ។ ក្នុងករណីមួយចំនួន ជំងឺនេះអាចប៉ះពាល់ដល់ខួរក្បាលដែលគ្រប់គ្រងការគេង និងចំណង់អាហារ នោះអាចធ្វើអោយអ្នក ប្រឈមមុខខ្ពស់ចំពោះជំងឺ KLS ប៉ុន្តែជំងឺនេះកម្រកើតមានណាស់ ហើយយើងមិនអាចដឹងថា វាកើតឡើងនៅពេលណាដែរ។
រយៈពេលពីរឆ្នាំពី ២០១៣ ដល់ ២០១៥ មានការផ្ទុះឡើងជាច្រើន នៅក្នុងភូមិថាពេលខ្លះ ជំងឺនេះកើតឡើងដល់អ្នកភូមិ ដដែលៗម្តងហើយម្តងទៀត ហើយពេលខ្លះប៉ះពាល់ដល់អ្នកថ្មីផងដែរ។ ជំងឺនេះធ្វើទុក្ខដល់មនុស្សគ្រប់រូបពីក្មេងរហូតដល់ចាស់ៗ ហើយរោគសញ្ញាជាច្រើនដូចជា មានការអស់កំលាំងខ្លាំង ខួរក្បាលចុះខ្សោយ វិលមុខ ឈឺក្បាល ខ្វាក់ និងបាត់បង់ការគ្រប់គ្រងខ្លួនឯងជាដើម។ អ្នករងគ្រោះដោយសារជំងឺនេះ មានជាការសន្លប់មួយសន្ទុះទើបភ្ញាក់ឡើងវិញ ខ្លះងងឹតមុខនៅពេលកំពុងបើកបរ ហើយអ្នកផ្សេងទៀតគ្រាន់តែងងុយគេងដូចមនុស្សធម្មតា តែមិនអាចងើបឡើងនៅថ្ងៃបន្ទាប់។
អស់ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រនិងវេជ្ជបណ្ឌិតមានការងឿងឆ្ងល់ថា តើអ្វីអាចជាមូលហេតុនៃជំងឺនេះ។ នៅឆ្នាំ ២០១៤ ក្រសួងសុខាភិបាលនៃប្រទេសកាហ្សាក់ស្ថានបានរាយការណ៍ថា “ជំងឺប្រភេទនេះមិនមែនជា ជំងឺឆ្លងឬជាបាក់តេរីទេ”។ ប្រវត្តិកាឡាឈីជាភូមិស្ថិតក្នុងស្ថានភាពធម្មតា មិនមានការរកឃើញអំបិល ឬការប្រមូលផ្តុំលោហធាតុធ្ងន់អ្វីឡើយ។ នៅចុងឆ្នាំនេះ អ្នកវិទ្យាសាស្ត្របានធ្វើតេស្តជាច្រើន ដែលទាក់ទងនឹងខ្យល់ ដី ទឹក និងសូម្បីតែសម្ភារៈសំណង់នៅក្នុងភូមិ ប៉ុន្តែនៅតែមិនអាចធ្វើការសន្និដ្ធាន បានថាជំងឺនេះបង្កឡើងដោយសារអ្វី។
ដោយអស់សង្ឃឹមក្នុងការស្វែងរកចម្លើយអ្នកភូមិជឿថាអាចមានអ្វីមួយដែលកើតឡើងជាមួយអរូបី។ នៅដើមឆ្នាំ២០១៥ កាឡាឈីបានជួបប្រទះរលកធំទី ៩ ហើយអាជ្ញាធរបានលើកទឹកចិត្ត ប្រជាជនឱ្យបោះបង់ភូមិនេះតាមរយៈកម្មវិធី “ការតាំងទីលំនៅថ្មីដោយស្ម័គ្រចិត្ត”។ មានតែមួយភាគតូចប៉ុណ្ណោះដែលបានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅថ្មី។
កាឡាឈីនិងទីប្រជុំជនដទៃទៀតនៅជុំវិញនោះ គឺជាតំបន់រុករករ៉ែដ៏ធំមួយ ប៉ុន្តែអណ្តូងរ៉ែអ៊ុយរ៉ានីញ៉ូមសម័យសូវៀតនេះត្រូវបានបិទនៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ។ អ្នកខ្លះបាន ផ្លាស់ប្តូរទីលំនៅ ហើយអ្នកដែលរស់នៅទីនេាះ គ្មានអ្វីកើតឡើងទេរហូតដល់ជំងឺងងុយដេក មួយនេះបានកើតមានលើភូមិកាឡាឈី។ អ្នកវិទ្យាសាស្ត្របានពិនិត្យមើលអណ្តូងរ៉ែដំបូងគេ ក្នុងការស៊ើបអង្កេតជាតិ (វិទ្យុសកម្មនិងឧស្ម័នរ៉ាដុន) ហើយសន្និដ្ធានថា មិនមានអ្វី ដែលបង្កឱ្យមានរោគសញ្ញាដែលមនុស្សកំពុងជួបប្រទះនោះទេ។
នៅពេលដែលអ្នកវិទ្យាសាស្ត្រជាច្រើន បានធ្វើការស្រាវជ្រាវម្តងទៀតនៅឆ្នាំ២០១៥ ជាលើកទីពីរពួកគេបានកត់សម្គាល់ឃើញបរិមាណកាបូនម៉ូណូអុកស៊ីតយ៉ាងច្រើនបានចេញពីអណ្តូងរ៉ែ។ យោងតាមអ្នកវិទ្យាសាស្ត្របាននិយាយថាបរិមាណកាបូនម៉ូណូអុកស៊ីត អាចប៉ះពាល់ដល់ខួរក្បាលបណ្តាលឱ្យសន្លប់និងជារោគសញ្ញាដែលអ្នកស្រុកកាឡាឈីកំពុងតែជួបប្រទះ។ យើងអាចសន្មតបានថា ទឹកដែលអ្នកភូមិប្រើប្រាស់ពីការជីកអណ្តូងទឹក អាចមានសារធាតុកាបូនម៉ូណូអុកស៊ីតក្នុងនឹង ឬក៏សារធាតុកាបូនម៉ូណូអុកស៊ីតបានពាយចូលក្នុងអាកាស នាំឲ្យខ្យល់ដកដង្ហើមរងផលប៉ះពាល់៕
តើលោកអ្នកយល់យ៉ាងណាដែលចំពោះហេតុការណ៍នេះ?
អត្ថបទដកស្រង់ពី Diana Bocco
បកប្រែ និងកែសម្រួលដោយ កញ្ញា ឆេងមួយ