ដោយក្តីនឹករលឹក និងការគិតគូរពីសុខទុក្ខជានិច្ចនោះ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះជួបសួរសុខទុក្ខ និងនាំយកភេសជ្ជៈ រួមជាមួយសម្ភារប្រេីប្រាស់មួយចំនួន ផ្តល់ជូនអង្គការអាហ្វេស៊ីបកម្ពុជា ដែលមានកុមារី-យុវនារីចំនួន ១៣៦នាក់ និងបុគ្គលិកចំនួន ៣២នាក់ កំពុងស្នាក់នៅក្នុងអង្គការដែលស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះក្មួយៗចៅៗទាំងអស់ បេីទោះបីជាសម្តេចមិនបានអញ្ជេីញមកផ្ទាល់ក៏សម្តេចតែងតែមានការនឹករលឹកដក់ជាប់ក្នុងចិត្តជានិច្ច ចាប់តាំងពីពេលដែលសម្តេចបានអញ្ជេីញមកសួរសុខទុក្ខចៅៗក្មួយៗដោយផ្ទាល់កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។
ជាមួយគ្នានេះ លោកស្រី បានពាំនាំការផ្តាំផ្ញេីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ក្មួយៗចៅៗទាំងអស់ត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ និងគុណធម៌ក្នុងការរស់នៅ ចេះជួយគ្នា ស្រឡាញ់គ្នាដូចបងប្អូន អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ដេីម្បីអនាគតភ្លឺស្វាង។ ទន្ទឹមនឹងនេះ សូមក្មួយៗចៅៗទាំងអស់ ថែទាំសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ និងត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារនិង៣កុំ និងវិធានការនានា ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
យុវនារី-កុមារី និងបុគ្គលិកទាំងអស់នៃអង្គការអាហ្វេស៊ីបកម្ពុជា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្ដទុកដាក់គ្រប់ពេលវេលា គិតគូរគ្រប់ជ្រុងជ្រោយ ជាពិសេស ចែករំលែកអ្វីដែលជាសម្ពាធផ្លូវចិត្ត ការលេីកទឹកចិត្ត ផ្តល់ក្តីសង្ឃឹម ការទំនុកបម្រុងជាបន្តបន្ទាប់ និងអគារស្នាក់នៅដ៏ស្កឹមស្កៃដល់ចៅៗ ឱ្យបានរស់រានក្នុងភាពថ្លៃថ្នូរ ក្នុងសង្គមមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា នេះជាលេីកទី៩ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយដល់អង្គការអាហ្វេស៊ីបកម្ពុជា ដែលអំណោយថ្ងៃនេះរួមមាន ៖ ភេសជ្ជៈ ១០០កេស, ខ្ញីទឹកឃ្មុំឌូឌឺវី ៥កេស, ច្រាស់ដុសធ្មេញ ២កេស, កន្ត្រៃកាត់ក្រចក ៤កំប៉ុង, ដំបៀត ៤កំប៉ុង, ម៉ាស់ ៣កេស, ជែលដប ១០កេស និងជែលថង់ ៥កេស៕