ភ្នំពេញ ៖ ថ្លែងក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យកាត់បន្ថយចំនួន នគរបាលចរាចរណ៍ តាមដងផ្លូវ ដោយជំនួសមកវិញ ដោយការបំពាក់ឧបករណ៍ សម្ភារៈ និងបច្ចេកទេស ហើយត្រូវធ្វើយ៉ាងណា ឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តច្បាប់ចរាចរណ៍។ សម្ដេចក្រឡាហោម ស ខេង បានលើកយោបល់ថា សុំឲ្យមានការគិតការគូពិចារណា និងឈានទៅកាត់បន្ថយកម្លាំងនគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេសមកវិញ។
សម្ដេចស ខេងបានបញ្ជាក់ថា ខ្ញុំសូមស្នើថា យើងគួរឯកភាគ្នាជាគោលការណ៍រួម ជាយុទ្ធសាស្ដ្ររួម យើងថា ត្រូវឈានកាត់បន្ថយនគរបាលចរាចរណ៍ ដោយជំនួយមកវិញដោយឧបករណ៍ សម្ភារៈ និងបច្ចេកទេស, បើយើងចំណាយថវិកា ដើម្បីបំពាក់ឧបករណ៍សម្ភារៈ និងចំណាយថវិកាលើការបង្កើន កម្លាំងនគរបាល តើមួយណាមាន លក្ខណៈយុទ្ធសាស្រ្តជាង ឬមួយណាចំណេញជាង។ និយាយអ៊ីចឹង មិនមែនមានន័យថា លែងឲ្យមានកងកម្លាំងនគរបាលនោះទេ ប៉ុន្តែត្រូវបន្ថយការ ប្រើប្រាស់ប៉ូលីសតិច តែមានប្រសិទ្ធភាពខ្ពស់ ឬប្រើមនុស្សតិច តែមានប្រសិទ្ធភាពខ្ពស់។
សម្ដេចស ខេង បានលើកឡើងពីការខ្វះខាតនៃការដាក់ស្លាកសញ្ញាចរាចរណ៍ និងគូសគំនូស សញ្ញាចរាចរណ៍នៅរាជធានីភ្នំពេញ ដោយសុំកុំឲ្យមើលស្រាលបញ្ហានេះ និងបានស្នើអភិបាល រាជធានីភ្នំពេញ ដឹកនាំដោះស្រាយបញ្ហាគំនូស ចរាចរណ៍នេះឲ្យបានល្អប្រសើរ ពីព្រោះការងារនេះ ក៏ជាសេវាសាធារណៈចាំបាច់មួយសម្រាប់ជួយពលរដ្ឋដើម្បីកាត់បន្ថយករណីគ្រោះចរាចរណ៍ផងដែរ៕