ដោយមើលឃើញចំនួន នៃការឆ្លងជំងឺកូវីដ-១៩មានភាពធូរស្រាលព្រមទាំងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនិងកុមារបានចំនួនច្រើននោះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃនេះបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកបណ្ឌិត ថោងខុន រៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដាក់ឱ្យអនុវត្តនៅផ្សារទំនើបនិងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស។
លិខិតរបស់លោក ម៉ម ប៊ុនហេង ចុះថ្ងៃទី២២ ខែកញ្ញា ដែលផ្ញើជូនលោក ថោង ខុន បានបញ្ជាក់ថា “ដោយពិនិត្យឃើញស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩មានសភាពធូរស្រាលនិងដើម្បីជំរុញនៃដំណើរនៃសេដ្ឋកិច្ចនិងសង្គមជាតិទាំងមូលទៅតាមគន្លងប្រក្រតីភាពថ្មីសូមក្រសួងទេសចរណ៍ត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់ដាក់ឱ្យអនុវត្តនៅផ្សារទំនើបនិងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស”។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថានីតិវិធីប្រតិបត្តិស្ដង់ដារត្រូវផ្ដោតទៅលើទាំងវិធានសុខាភិបាល វិធានរដ្ឋបាល និងវិធានច្បាប់ ដើម្បីធានាបានទាំងផ្នែកសុខភាពសាធារណៈទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា ថ្មីៗនេះក្រសួងទេសចរណ៍ចេញសេចក្តីសម្រេចស្តីពី “ការដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍” ដែលសេចក្តីសម្រេចនេះ បានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រក្សាបាននូវស្ថិរភាពអាជីវកម្មនិងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ តែយ៉ាងណា សេចក្តីសម្រេចស្តីពីការដាក់ឱ្យអនុវត្តនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) នោះមិនទូទៅសម្រាប់អនុវត្តនៅផ្សារទំនើបនិងផ្សារសាធារណៈទូទាំងប្រទេសនោះទេ៕ (មានជ័យ)