នាថ្ងៃនេះទី២២ខែកញ្ញានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងមានសារលិខិតចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលកិច្ចប្រជុំនេះនឹងដឹកនាំដោយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ ។
តាមសេចក្តីប្រកាសក្រសួងការបរទេស បានអោយដឹងថា
កិច្ចប្រជុំកំពូលនេះ នឹងផ្តោតទៅលើការចាក់វ៉ាក់សាំងពិភពលោក ការសង្រ្គោះជីវិត ការកសាងឱ្យបានប្រសើរឡើងវិញនូវសន្តិសុខសុខភាព និងការធ្វើសកម្មភាពដើម្បីវឌ្ឍនភាព និងធ្វើការឯកភាពទៅលើសេចក្តីព្រាងគោលដៅ (draft Targets)។
សុន្ទរកថារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្តោតជាសំខាន់ទៅលើភាពចាំបាច់បន្ទាន់ក្នុងការរួមគ្នាបញ្ឈប់ជំងឺកូវីដ-១៩ ក្នុងចេតនាស្មោះត្រង់និងមនុស្សធម៌ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩ និងផលរំខានទៅលើសកម្មភាពសេដ្ឋកិច្ច-សង្គម និង សារៈសំខាន់ក្នុងការកំណត់នូវរាល់វ៉ាក់សាំងទាំងអស់ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ជាទំនិញយុទ្ធសាស្រ្តសកលដ៏សំខាន់ ដោយគ្មានការរើសអើង៕