រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរលោក តឹក សូនី នាយការិយាល័យ និងមានការចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោឈានទៅបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចផ្លូវលេខ៤ ផ្ទះលេខ៣៩(បូរីលឹមឈាងហាក់) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ អេន សុជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដនិងបានចាប់យកវត្ថុតាងរួមមាន ៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៦៦៨.៣៩ក្រាម, សារធាតុមិនច្បាស់លាស់ ១៦៤៦.៥៧ក្រាម, កាំភ្លើងខ្យល់ ៣ដើម និងជញ្ជីងថ្លឹងគ្រឿងញៀន ៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីតាមចាត់ការបន្តនីតិវិធី៕