(បន្ទាយមានជ័យ) រដ្ឋបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានណែនាំដល់ពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី យកចិត្តទុកដាក់ខ្ពស់ ខណៈស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ និងស្ថានភាពទឹកហូរធ្លាក់ពីផ្នែកខាងលើ តាមបណ្តោយដងស្ទឹង នៃស្រុកបវេល ខេត្តបាត់ដំបង និងទឹកដែលហូរធ្លាក់ពីស្រុកម៉ាឡៃ ធ្វើឱ្យកម្រិតទឹកស្ទឹងមង្គលបូរី មានការហក់ឡើងខ្លាំងនឹងអាចបង្កជាផលប៉ះពាល់ ដល់ អាយុ ជីវិតមនុស្ស សត្វ ផ្ទះសម្បែង និងផលដំណាំជាដើម។
តាមរយៈសេចក្តីបប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាន រដ្ឋបាលស្រុកបានក្រើនរំឮកដល់ប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី សូមចូលរួម និងយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តវិធានការដូចខាងក្រោម៖
*ត្រៀមស្បៀង និងថ្នាំសង្កូវ សម្រាប់ទុកបម្រុង
*រៀបចំទុកដាក់ឯកសារសំខាន់ៗឱ្យបានគង់វង្ស រួមមាន៖ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រ
*អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រ ប័ណ្ណកម្មសិទ្ធិ និងឯកសារសំខាន់ៗទៀត
*ត្រៀមមធ្យោបាយដឹកជញ្ជូន ឬមធ្យោបាយសម្រាប់ទុកជម្លៀស នៅពេលទឹកជំនន់មកដល់
*កុំឱ្យក្មេងៗចុះលេងទឹកតែម្នាក់ឯង ដោយមិនមានមនុស្សធំនៅក្បែរ
*នៅពេលមានទឹកជំនន់កើតឡើង ត្រូវបិទប្រព័ន្ធអគ្គិសនី និងត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ។