ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២ និង១៩នាទី សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ដោយមានលាក់ទុកអាវុធ និងឧបករណ៍នេសាទខុសច្បាប់ ស្ថិតនៅចំណុចបឹងក្រចាប់ ស្ថិតក្នុងភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ។
លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមការចង្អុលការរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកបានដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រសំខាន់ៗក្នុងស្រុកតាលោសែនជ័យ លុះដល់ដល់ម៉ោង ២៣ និង១៥នាទី កម្លាំងបានល្បាតដល់ចំណុចខាងលើ ឃាត់បានម៉ូតូមួយគ្រឿង ជិះគ្នាពីរនាក់ ១-ឈ្មោះ យឿង ហេង ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិតាំងគោក ឃុំតាលោ ជាអ្នកបើកបរ ។ ២-ឈ្មោះ ស៊ន មករា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ជាអ្នករួមដំណើរ សមត្ថកិច្ចធ្វើការឆែកឆេរដកហូតវត្ថុតាងរួមមាន ៖ ក្បាលអាំងម៉ូទ័រឆក់ត្រីឆក់ត្រី ០១គ្រឿង, អាគុយ ៤០អំពែ ០១គ្រឿង, ទ្រុងដាក់ត្រី ០១, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយកំផ្លេ ។
បន្ទាប់មក សមត្ថកិច្ចបានធ្វើការឃាត់ត្រួតពិនិត្យសួរនាំម៉ូតូចំនួន ០២គ្រឿងទៀត ព្រមទាំងមនុស្សចំនួន ០២នាក់ ១-ឈ្មោះ ញឹម រេញ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិ ថ្មី ឃុំតាលោ ។ ២-ឈ្មោះ មុត រ៉ាវីដ ភេទប្រុសអាយុ ១៩ ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ ដោយបានធ្វើការត្រួតពិនិត្យឃើញ ដាវសាំម៉ូរ៉ៃ ០១ដើម និងឧបករណ៍ សម្រាប់ជក់គ្រឿងញៀន មួយកំផ្លេ ។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីធ្វើការអប់រំកិច្ចសន្យាឲ្យបញ្ឈប់ការប្រើប្រាស់នូវសារធាតុញៀន និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បន្តទៀត ៕