ភ្នំពេញ ៖ ករណីគ្រោះអគ្គិភ័យមួយបានកើតឡើង នៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី ក្រុមទី៣១ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យឆេះបំផ្លាញផ្ទះចំនួន៤ខ្នងអស់ទាំងស្រុង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ហេង លីគន្ធ ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរម្ចាស់ផ្ទះជួល រឺឯអ្នកជួលមានឈ្មោះ មាស ប៊ុនសល់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់កុំព្យូទ័រ ហើយចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បានឆេះបំផ្លាញផ្ទះឈើប្រក់សង្ក័សី ដែលមានទំហំ ៤ម៉ែត្រ គុណនឹង ៤៥ម៉ែត្រ ឆេះអស់ចំនួន ៤ខ្នងទាំងស្រុង ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
សម្រាប់ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២០គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន ស្មើនឹង ១២០ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង១១ និង៣០នាទីយប់នាថ្ងៃដដែល ៕