ភ្នំពេញ៖ រុស្ស៊ីបង្ហាញពីបំណងវិនិយោគលើគម្រោងចំនួន ៥ នៅកម្ពុជា ដែលរួមមានគម្រោងផលិតកម្មដំបូលស៊ីប្រូនិងបំពង់លូ, ផលិតកម្មដំឡើងរថយន្តដឹកទំនិញ KAMAZ និងបណ្តាញផ្តល់សេវាកម្ម, ការផ្គត់ផ្គង់ឧបករណ៍ដុតកាកសំណល់រឹង, ការផលិតល្បាយអ៊ីសូឡង់ការពារកំដៅបានមកពីអង្កាម ឬចំបើងនិងគម្រោងផ្គត់ផ្គង់ឧបករណ៍បណ្តាញអ៊ីនធឺណិតរហ័ស។
គម្រោងវិនយោគទំាង ៥នេះ ត្រូវបានស្វាគមន៍យ៉ាងខ្លាំងពីសំណាក់មន្ត្រីជំនាញនិងវិស័យឯកជនរបស់កម្ពុជានៅក្នុងកិច្ចប្រជុំលើកទី២ នៃក្រុមការងាររួមជាន់ខ្ពស់ដើម្បីជំរុញគម្រោងវិនិយោគអាទិភាពរួមកម្ពុជា-រុស្ស៊ី កាលពីសប្តាហ៍មុននេះតាមប្រព័ន្ធវីដេអូអនឡាញដែលត្រូវបានដឹកនាំដោយលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ទន្ទឹមនឹងនេះ ភាគីកម្ពុជាបានបង្ហាញពីការគាំទ្រចំពោះគម្រោងវិនិយោគអាទិភាពទាំង ៥នេះ និងលើកទឹកចិត្តឱ្យវិស័យឯកជនរបស់ភាគីទាំងពីរស្វែងយល់បន្ថែមពីសក្តានុពលវិនិយោគនៅក្នុងវិស័យសំខាន់ៗដ៏ទៃទៀតដែលមានដូចជា អាកាសចរណ៍ស៊ីវិល កម្មន្តសាល និងទេសចរណ៍ជាដើមដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មដែលនឹងអាចចូលរួមចំណែកក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែប្រសើរឡើងព្រមទាំងបានបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសម្រួលវិនិយោគសម្រាប់ធុរជននិងវិនិយោគិនរុស្ស៊ីដែលមានបំណងមកវិនិយោគនៅកម្ពុជា។
នៅក្នុងកិច្ចពិភាក្សាគ្នានេះភាគីទាំងសងខាងបានបង្ហាញសុទិដ្ឋិនិយមចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគក្នុងវិស័យអាទិភាពនានានៃភាគីទាំងពីរតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធនៃក្រុមការងាររួមជាន់ខ្ពស់នេះនិងយន្តការទ្វេភាគីសំខាន់ៗដ៏ទៃទៀតដែលកំពុងអនុវត្តដូចជាកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការពារទៅវិញទៅមកនៃវិនិយោគនិងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសម្រួលវិនិយោគរវាងភាគីទាំងពីរ។
ទោះជាយ៉ាងណាទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសហព័ន្ធរុស្ស៊ីរហូតមកដល់ពេលនេះនៅមានកម្រិតតិចតួចនៅឡើយ៕