ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយបានរៀបចំឡើងនៅភ្នំពេញចំនួន២លើកគឺលើកទី១ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មីនៅឆ្នាំ ១៩១៣ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួនមាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើតគឺបែរទៅរកទន្លេចតុមុខ។
ព្រះបរមរាជវាំងមានកំពែងព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយកំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះលំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើងនៅឆ្នាំ ១៨៦៦ – ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័នដែលមានក្លោងទ្វារចេញចូលចំនួន៥ហើយទ្វារទាំង៥នោះត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័នទ្វារជ័យនិងទ្វារខ្មោចស្ថិតនៅទិសខាងកើតហើយទ្វារខ្មោចស្ថិតនៅខាងស្តាំដៃទ្វារជ័យ។ ចំនែកឯព្រះបរមរាជវាំងវិញទ្វារជ័យស្ថិតនៅទិសខាងកើតដែរតែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះត្រូវបានគេអនុញ្ញាតិឱ្យប្រើតែពេលណាមានព្រះមហាក្សត្រចូលទីវង្គតដើម្បីដង្ហែព្រះសពទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។ សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំងត្រូវបានគេកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើនមានរាងបង្អួតសង្ហារទៅតាមក្បូរក្បាច់រចនាមានដំបូលច្រើនជាន់ប្រក់ក្បឿងពណ៌មាសនិងមានប្រាង្គកណ្ដាលសារពើសូត្រកំពូលស្រួចបាញ់ទៅលើដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់។
ព្រះបរមរាជវាំងត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូលហើយរាល់សំណង់ប្រាសាទនៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអដោយពណ៌លឿងតំណាងឲ្យព្រះពុទ្ធសាសនានិងពណ៌សតំណាងឲ្យព្រហ្មញ្ញសាសនា។
១. ប្រាសាទទេវាវិនិច្ឆ័យ
២. ប្រាសាទខេមរិន្ទ
៣. ប្រាសាទសហមេត្រី
៤. ប្រាសាទហោសំរាន្តភិរម្យ
៥. ប្រាសាទច័ន្ទឆាយា
៦. ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន
៧. ព្រះទីនាំងភោជនីយ
៨. វិមានស្តេចណាប៉ូឡេអុងទី៣
៩. ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ
១០. ព្រះវិហារព្រះកែវមរកត
១១. សារមន្ទីររោងដំរី
#១.ប្រាសាទទេវាវិនិច្ឆ័យ
សាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិក្នុងឆ្នាំ ១៩១៣ – ១៩១៧ ហើយធ្វើពិធីសម្ពោធនៅថ្ងៃទី ១៦ មិថុនា ១៩១៩។ ទំហំប្រាសាទបណ្តោយ ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកម្ពស់ ៥៩ម ជាព្រះទីនាំងសម្រាប់ធ្វើ៖
ពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជ្យ
ព្រះរាជពិធីបុណ្យទ្វារទសមាស
ព្រះរាជសាវនាការថ្វាយសារតាំង
ពិធីសច្ចាប្រណិធាន
ព្រះរាជបដិសណ្ឋារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិ។
ក្នុងប្រាសាទទេវាវិនិច្ឆ័យចែកចេញជាព្រះទីនាំងស្វេតឆ័ត្រហោរាជបណ្ឌិតហោព្រះអដ្តិ ព្រះទីនាំងក្សិណ ព្រះទីនាំងបុស្បុក ព្រះទីនាំងមហាមន្ទីរ ព្រះទីនាំងនារីរ័ត្នសោភា ព្រះទីនាំងចក្រពត្តិ និង ព្រះទីនាំងព្រះស្ងោយ។ នៅលើកំពូលស្រួចមានរូបព្រះភក្ត្រព្រះព្រហ្មមុខ៤ដែលបែរព្រះភក្ត្រទៅរកទិសទាំង៤។
#២.ប្រាសាទខេមរិន្ទ
ប្រាសាទខេមរិន្ទ ស្ថិតនៅខាងលិចឈៀងខាងជើងប្រាសាទទេវាវិនិច្ឆ័យកសាងក្នុងឆ្នាំ ១៩២៧ – ១៩៣០ ដោយអ្នកឧកញ៉ាទេពនិម្មិត ខៀវ ក្នុងរជ្ជកាល ស៊ីសុវត្ថិមុនីវង្ស|ព្រះបាទស៊ីសុវត្ថិមុនីវង្ស។ បច្ចុប្បន្នជាព្រះរាជដំណាក់ដែលព្រះមហាក្សត្រគង់នៅជាអចិន្ត្រៃយ៍។ ប្រាសាទនេះត្រូវបានព្រះមហាក្សត្រប្រើប្រាស់សំរាប់ទទួលភ្ញៀវកិត្តិយសធំៗបណ្ដាប្រមុខរដ្ឋបរទេសដែលមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាស្នាក់អាស្រ័យដូចជាលោកប្រធានាធិបតីបារាំងសាលដឺហ្គោលជាដើម។
#៣.ប្រាសាទសហមេត្រី
ប្រាសាទសហមេត្រី ស្ថិតនៅខាងជើងហោសម្រាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំងខាងជើងកសាងឡើងនៅឆ្នាំ ១៩៥០ ក្នុងរជ្ជកាលព្រះបាទនរោត្ដមសីហនុ ជាព្រះរាជដំណាក់ថ្មីសម្រាប់ព្រះមហាក្សត្រីស៊ីសុវត្ថិកុសុមៈនារីរ័ត្នជាព្រះវររាជមាតារបស់ព្រះអង្គតាំងឧបោសថសិលនៅទីនោះក្រោយពេលដែលព្រះស្វាមីព្រះបាទនរោត្តមសុរាម្រិតបានចូលទិវង្គត។ ពីមុនជាកន្លែងសំរាប់ជួបជុំនាយទាហានការពារព្រះបរមរាជវាំងហើយក្រោយមកទៀតត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។
#៤.ប្រាសាទហោសំរាន្តភិរម្យ
ប្រាសាទហោសំរាន្តភិរម្យ ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យកសាងឡើងក្នុងឆ្នាំ ១៩១៥ – ១៩១៧ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ ជាកន្លែងសម្រាប់ទុកឧបករណ៍តន្ត្រីបុរាណនិងប្រពៃណីខ្មែរព្រមទាំងត្រៀមប្រដាប់ប្រដាសម្រាប់ព្រះរាជពិធីហែក្បួនផ្សេងៗ ។ នៅជាន់ខាងលើជាបន្ទប់សម្រាប់ព្រះមហាក្សត្រទ្រង់សំរួលព្រះកាយមុននិងក្រោយពេលព្រះអង្គទ្រង់គង់និងចុះពីគជេន្ទ្រនៅពេលត្រលប់ពីបរបាញ់សត្វ។ ប្រាសាទនេះបានក្លាយទៅជាសារមន្ទីរព្រះសីហនុដែលមានតម្កល់ទុកវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃដែលមហាអគ្គបុរសរដ្ឋនៃបណ្តាប្រទេសជាមិត្តថ្វាយដល់ព្រះមហាក្សត្រ។ ក្រោយមកសារមន្ទីរនេះត្រូវបានរើទៅដាក់នៅថែវខាងមុខប្រាសាទភោជនីយវិញនៅឆ្នាំ ២០០៥ រហូតដល់សព្វថ្ងៃ។
#៥.ប្រាសាទច័ន្ទឆាយា
ប្រាសាទច័ន្ទឆាយាកសាងស្ថិតនៅជាប់កំពែងខាងមុខឈៀងខាងជើងនៃព្រះបរមរាជវាំងកសាងឡើងនាឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ សំណង់ស្ថាបត្យកម្មមានរាងខ្ពស់ស្រលះគ្មានជញ្ជាំងដើម្បីឲ្យព្រះច័ន្ទចាំងរស្មីទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះគ្មានបន្ទប់ទេគឺជាធ្លាសម្រាប់រាំក្បាច់របាំដើម្បីសម្ដែងទស្សនីយភាពនិងព្រះរាជពិធីលៀងសាយភោជន៍ជូនភ្ញៀវជាន់ខ្ពស់។ បច្ចុប្បន្នប្រាសាទនេះគឺសំរាប់ជាវេទិកាកិត្តិយសដែលព្រះមហាក្សត្រទ្រង់ទតការហែក្បួនព្យុហយាត្រានៃថ្ងៃបុណ្យកងទ័ពជាតនិងជាវេទិកាកិត្តិយសពេលដែ ព្រះមហាក្សត្រទ្រង់ថ្លែងសុន្ទរកថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គនៅពេលមានពិធីបុណ្យសំខាន់ៗផ្សេងៗ។
#៦.ប្រាសាទសំរិទ្ឋភិមាន ឬ ហោព្រះខ័ន
ប្រាសាទនេះស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ឆ័យត្រូវបានកសាងឡើងដំណាលគ្នានឹងប្រាសាទហោសំរាន្តភិរម្យដែរ គឺនៅឆ្នាំ ១៩១៥ – ១៩១៧។ ប្រាសាទនេះប្រើប្រាស់សម្រាប់ជាកន្លែងតម្កល់នូវគ្រឿងបញ្ចកកុធភណ្ឌដែលរួមមាន ព្រះខ័នរាជ្យ ម្កុដរាជ្យ ព្រះសុព៌ណបាទុកា ព្រះលំពែងជ័យ ព្រះវាលវីជនី ក្រិស ផ្ទិលធំ … ។ នៅហោព្រះខ័ននេះត្រូវបានក្រុមបារគូរៀបចំអាសនៈថ្វាយទេវតាខាងព្រហ្មញ្ញសាសនាមាន ព្រះសិវៈ ព្រះវិស្ណុ ព្រះចន្ទ ព្រះគណេស និង ព្រះកម្ចាយ។
#៧.ព្រះទីនាំងភោជនីយ
ព្រះទីនាំងភោជនីយកសាងឡើងនៅឆ្នាំ ១៩១៣ – ១៩១៧ សំរាប់ប្រើប្រាស់ក្នុងពិធីលៀងសាយភោជនក្នុងពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រនិងសំរាប់ការសំដែងសិល្បៈ ឬផ្ទាំងទស្សនីយភាព ភាពយន្តជូនដល់ភ្ញៀវកិត្តិយសជាន់ខ្ពស់ របស់ព្រះមហាក្សត្រ។ នៅក្នុងពិធីចំរើនព្រះជន្មព្រះមហាក្សត្រជាទូទៅប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ (លើកលែងតែឆ្នាំដែលមានឈ្មោះសត្វត្រូវគ្នានឹងកំណើតព្រះអង្គគឺមានរយៈពេល១សប្តាហ៍)។ នៅពេលនេះហើយដែលនាម៉ឺនាសព្វមុខមន្ត្រីបានរៀបចំដាក់តាំងផលិតផលដ៏មានតំលៃផ្សេងៗនៅលើតុដែលគេរៀបចំនៅតាមថែវខាងកើតនិងខាងត្បូងនៃព្រះទីនាំងភោជនីយដែលគេអោយឈ្មោះថាបុណ្យតាំងតុ។
#៨.វិមានស្តេចណាប៉ូឡេអុងទី៣
វិមានស្តេចណាប៉ូឡេអុងទី៣ កសាងឡើងដោយដែកមានលំអដោយរូបនាឡិកា១ដ៏ធំសំរាប់រាជនីជាព្រះជាយារបស់ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ព្រះនាមព្រះអធិរាជនី អីហ្ស៊េនី នៅពេលបើកសម្ពោធព្រែកជីកស៊ុយអេនៅឆ្នាំ ១៨៦៩។ បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣បានថ្វាយជាអនុស្សាវរីយ៍ដល់ព្រះបាទនរោត្តមក្នុងឆ្នាំ ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែងហើយប្រាសាទនេះត្រូវបានរៀបចំដំឡើងឡើងវិញតាមគំរូដើមទាំងអស់ក្នុងឆ្នាំ ១៨៧៦។ វិមាននេះត្រូវបានធ្វើការជួសជុលជាថ្មីដោយក្រុមអ្នកបច្ចេកទេសស្ម័គ្រចិត្តបារាំង១ក្រុមនៅក្នុងឆ្នាំ ១៩៩២។ បច្ចុប្បន្នប្រាសាទនេះត្រូវបានគេរៀបចំដាក់តាំងនូវផ្ទាំងគំនូរវត្ថុសិល្បៈនិងព្រះឆាយាលក្ខណ៍អតីត។
#៩.ព្រះរាជដំណាក់ច័ន្ទ ឬ ព្រះរាជការិយាល័យ
ប្រាសាទនេះ ស្ថិតនៅខាងក្រោយប្រាសាទណាប៉ូឡេអុងទី៣ ត្រូវបានកសាងឡើងក្នុងឆ្នាំ ១៩៥៤ – ១៩៥៩ក្នុងរជ្ជកាលព្រះបាទនរោត្ដមសុរាម្រឹត ក្រោយការដាក់រាជ្យបាន៤ឆ្នាំនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុដែលបានដាក់រាជ្យនៅថ្ងៃទី ៣ មិនា ១៩៥៥។ ប្រាសាទនេះចែកចេញជា២ជាន់គឺ១ជាន់សំរាប់ទុកដាក់គ្រឿងអលង្ការក្រុមរបាំព្រះរាជ្យទ្រព្យព្រះពស្ដ្រនិងវត្ថុអនុស្សាវរីយ៍ការទូត។ ឯមួយជាន់ទៀតនៅខាងត្បូងរៀបចំជាការិយាល័យរបស់មន្ត្រីនៃព្រះបរមរាជវាំងនិងជាព្រះរាជការិយាល័យព្រះប្រមុខរដ្ឋសម្តេចនរោត្តមសីហនុ។ បច្ចុប្បន្នព្រះរាជដំណាក់ច័ន្ទជាមន្ទីរការិយាល័យរដ្ឋបាលនៃក្រសួងព្រះបរមរាជវាំង។
#១០.ព្រះវិហារព្រះកែវមរកត
ព្រះវិហារព្រះកែវមរកតមានដំកល់ព្រះពុទ្ឋបដិមា១អង្គ ធ្វើអំពីត្បូងកែវដ៏មានតម្លៃដែលមានព៌ណដូចមរកត។ រូបព្រះកែវមរកតពិតនោះត្រូវបានសៀមប្រមូលយកទៅជាមួយនឹងរូបព្រះគោនៅពេលវាយលុកបានក្រុងអង្គរក្នុងឆ្នាំ ១៤២០។ ភ្ញៀវបរទេសនិយមហៅថាវត្តប្រាក់ព្រោះបាតក្រោមនៃព្រះវិហារមានក្រាលការ៉ូអំពីប្រាក់សុទ្ឋ ។ ព្រះវិហារព្រះកែវមរកតត្រូវបានកសាងឡើងអំពីឈើដោយព្រះបាទនរោត្តមក្នុងឆ្នាំ ១៨៩២ រួចសាងសង់ជាថ្មីឡើងវិញអំពីថ្មដោយ ព្រះបាទ នរោត្តមសីហនុ ក្នុងឆ្នាំ ១៩៦២។ វត្តនេះមានឈ្មោះថាវត្ត តែពុំមានព្រះសង្ឃគង់នៅដូចវត្តដទៃឡើយ។ កាលពីឆ្នាំ ១៩៤៧ ទីនេះមានតែព្រះបាទ នរោត្តមសីហនុ ទេដែលគង់នៅទីនោះព្រោះព្រះអង្គបានសាងព្រះផ្នួសអស់រយៈពេល១ព្រះវស្សាគឺនៅថ្ងៃទី ១កក្កដា ឆ្នាំ ១៩៤៧។
#១១.សារមន្ទីររោងដំរី
សារមន្ទីររោងដំរីកសាងក្នុងឆ្នាំ ១៨៩២ ស្ថិតនៅខាងត្បូងវត្តព្រះវិហារព្រះកែវមរកតជាប់របងព្រះបរមរាជវាំងដែលពីដើមគេហៅថារោងដំរីជាកន្លែងរក្សាទុកប្រដាប់ប្រដានិងចិញ្ចឹមសត្វដំរីត្រៀមទុកហែក្បួនក្នុងព្រះរាជពិធីបុណ្យផ្សេងៗ ។ នៅឆ្នាំ ១៩៩៦ ក្រោយព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់សម្ដេចព្រះរាជអង្គមហេសីនរោត្ដម មុនីនាថសីហនុ រោងដំរីនេះត្រូវបានរៀបចំជួសជុលកែលម្អទៅជាសារមន្ទីររោងដំរីដើម្បីដាក់តាំងបង្ហាញនូវគ្រឿងប្រដាប់ប្រដាហែក្បួនដំរីហើយវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរដែលរួមមានសាលពិព័រណ៍រូបថតលំនៅស្ថានខ្មែរនិងសំលៀកបំពាក់ប្រពៃណីខ្មែរផ្ទះបុរាណខ្មែរចំនួន២រូបសំណាកព្រះបាទជ័យវរ្ម័នទី៧សាលតាំងនិងលក់វត្ថុអនុស្សាវរីយ៍បន្ទប់តាំងគ្រឿងហែក្បួនដំរីបន្ទប់តាំងព្រះឆាយាលក្ខណ៍ស្ដីពីព្រះរាជសកម្មភាពព្រះករុណាព្រះបាទនរោត្ដមសីហនុនិងចុងក្រោយបន្ទប់តាំងគ្រឿងហែក្បួនព្រះរាជពិធីទ្វារទសមាស។
ដកស្រង់ចេញពី៖ កំណត់ត្រាសិលា