នារសៀលថ្ងៃទី១៧ខែកញ្ញាលោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានប្រាប់អោយដឹងថាមានសិស្សានុសិស្សប្រមាណ២៣នាក់នៅតាមវិទ្យាល័យចំនួន៥កន្លែងបានឆ្លងកូវីដ១៩នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះនៅវិទ្យាល័យវត្តភ្នំឆ្លងច្រើនជាងគេដល់១២នាក់ ។
ប្រធានមន្ទីរអប់រំបានបញ្ចាក់ថា ការរកឃើញសិស្សឆ្លងកូវីដ១៩ចំនួន២៣នាក់នេះគឺមិនមែនជាករណីឆ្លងក្នុងសាលារៀនឡើយ ហើយក៏មិនមែនសាលរៀនតម្រូវឲ្យសិស្សទាំងនោះ ត្រូវធ្វើតេស្តយកសំណាករកកូវីដ១៩ឡើយ។ សិស្សានុសិស្សទាំងនោះបានទៅធ្វើតេស្តនៅជិតផ្ទះនិងនៅជិតសាលាគឺរកឃើញដោយខ្លួនឯង។ ពេលនេះអាជ្ញាធររាជធានីភ្នំពេញសហការជាមួយមន្ទីរអប់រំនិងសាលារៀនគឺនៅវិទ្យាល័យវត្តភ្នំដែលមានសិស្សឆ្លងកូវីដ១៩ច្រើនជាងគេដល់១២នាក់ គឺបានយកសិស្ស៤៣នាក់ដែលបានចូលរៀនជាមួយសិស្សដែលវិជ្ជមានកូវីដ១៩យកទៅធ្វើតេស្តយកសំណាកហើយលទ្ធផលគឺអវិជ្ជមានទាំងអស់។
លោកប្រធានមន្ទីរលើកឡើងថា សិស្សក្នុង១៥បន្ទប់នៅ៥វិទ្យាល័យដែលក្រសួងអប់រំប្រកាសនៅថ្ងៃទី១៧កញ្ញានេះតម្រូវឲ្យធ្វើចត្តាឡីស័កតាមដានសុខភាពនៅផ្ទះរៀងៗខ្លួន។ រីឯសិស្ស ២៣នាក់ដែលវិជ្ជមានកូវីដ១៩សុទ្ធតែបានចាក់វ៉ាក់សាំង២ដូសទាំងអស់គ្នាហើយពួកគេត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដដូចជា នៅពហុកីឡដ្ឋានជាតិអូឡាំពិកនិងនៅមណ្ឌលទួលពង្ររួមទាំងព្យាបាលនៅតាមផ្ទះ ។
គួរបញ្ចាក់ថានៅថ្ងៃបើកសាលារៀនឡើងវិញនៅថ្នាក់អនុវិទ្យាល័យនិងថ្នាក់វិទ្យាល័យនាថ្ងៃទី១៥ ខែកញ្ញានៅភ្នំពេញមានសាលារៀនចំនួន ១៤២ បានបើកដំណើរក្នុងនោះរួមមាន៖ សាលារៀនរដ្ឋចំនួន៦២សាលាក្នុងចំណោម៦៨។ រីឯសាលាឯកជនមានចំនួន៨០ក្នុងចំណោម១៥៩សាលារៀន។ នៅថ្ងៃទី១៦ ខែកញ្ញាមានសាលារៀនចំនួន១៥សាលាទៀតត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញដោយក្នុងនោះមានសាលារៀនរដ្ឋ២និងសាលារៀនឯកជនចំនួន១៣សាលា។ នៅថ្ងៃទី១៧ ខែកញ្ញានេះមានសាលារៀនឯកជនចំនួន៦សាលាបានស្នើសុំបើកដំណើរការឡើងវិញ ។