តុលាការកម្ពុជា បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់បណ្ឌិតម្នាក់ក្រោយពីលោកបង្ហោះសារពាក់ព័ន្ធនឹងចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលផ្តួចផ្តើមដោយលោក សម រង្ស៊ី អតីមេបក្សប្រឆាំងនៅកម្ពុជា ។
ព័ត៌មានអំពីការតាមចាប់បណ្ឌិតនោះត្រូវបានប្រកាសជាសាធារណៈដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារអាយុពី៦ឆ្នាំទៅ១២ឆ្នាំ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ទោះមិនបានបញ្ចេញឈ្មោះក្តីតែសម្តេច ហ៊ុន សែន ទំនងចង់ផ្ញើសារសំដៅទៅលោក សេង សារី ដែលនិយាយអំពីគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនិងសកម្មភាពកងកម្លាំងនៅកម្ពុជា។ ប្រមុខរដ្ឋាភិបាលបាននិយាយដូច្នេះថា៖«បើរត់ រត់ឲ្យបានឆ្ងាយតិចរត់ក្បែរៗហ្នឹងរត់មិនរួចទេប្រាប់ឲ្យហើយ»។
ប្រមុខដ្ឋាភិបាល បន្តថា៖«ឲ្យតែរឿងទាក់ទងនឹងចលនាប្រដាប់អាវុធ រដ្ឋាភិបាលក្រៅប្រទេសត្រូវតែចាប់ខ្លួន។ បើមិនចាប់ខ្លួន មិនមែនរដ្ឋាភិបាលទេនិយាយត្រង់ៗអ៊ីចឹងតែម្តងបញ្ជាក់ថ្ងៃហ្នឹងសូមកុំឲ្យចូលទៅក្នុងគន្លងជាប់គុក»។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បណ្ឌិតរូបនេះបានគេចខ្លួនទៅដល់ទីក្រុងបាងកកប្រទេសថៃហើយ។
គួរបញ្ចាក់ផងដែរថាកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១កន្លងមកលោកបណ្ឌិត សេង សេរី ដែលជាអ្នកវិភាគពីបញ្ហាសង្គមនិងនយោបាយបានសរសេរលើទំព័រហ្វេសប៊ុកក្នុងន័យចោទសួរថា តើការផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិអាចទៅរួចឬមិនរួច? តើកម្លាំង៦ចំណុចអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជាតាមការអំពាវនាវរបស់លោក សម រង្សី ដែរឬទេ?
កម្លាំងទាំង៦ចំណុចនោះ (https://web.facebook.com/dr.sengsary/posts/530932025000177:1) គឺកម្លាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំងកម្លាំងមហាជនកម្លាំងយុវជនកម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាចកម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ-កម្លាំងប្រទេសជិតខាង។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា ហៅការលើកឡើងពីកម្លាំងទាំង៦របស់លោក សេង សារី នេះថាមានលក្ខណៈគាំទ្រ និងលើកទឹកចិត្តឲ្យមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី។
គួររំលឹកលោក សម រង្ស៊ី ដែលបាននិរទេសខ្លួននៅក្រៅប្រទេសធ្លាប់បានអំពាវនាវឲ្យពលរដ្ឋចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិជាមួយខ្លួននាខែកក្កដាឆ្នាំ២០២១មក។ ដោយលោកអះអាងថាការបង្កើតរដ្ឋាភិបាលបង្រួមបង្រួមជាតិដើម្បីធ្វើការប្តូរាជរដ្ឋាភិបាលបច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជនមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលកើតចេញពីការបោះកាលពីឆ្នាំ២០១៨មានពលរដ្ឋកម្ពុជាជាង៨០ភាគរយបានបោះឆ្នោតជូនគណបក្សប្រជាជនពិសេសលើបេក្ខភាពសម្តេចហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជា ។