នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុពី៦ឆ្នាំ ដល់១២ឆ្នាំ នៅទូទាំងប្រទេស ដោយប្រើប្រាស់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ (Sinovac) ។
នៅឯវិមានសន្តិភាព ក្នុងពិធីបើកយុទ្ធនាការនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំចៅៗរបស់សម្តេច ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ផងដែរ។ បើតាមប្រសាសន៍របស់សម្តេចតេជោ បានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកញ្ញា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងនេះ គឺដើម្បីឈានដល់ការបើកសាលារៀន កម្រិតបឋមសិក្សាឡើងវិញ នាពេលខាងមុខ ខណៈបច្ចុប្បន្ន បានបើកសាលារៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ក្រោយពួកគាត់ទទួលបានវ៉ាក់សាំង។
គួរបញ្ចាក់ថាការចាក់វ៉ាក់សាំងលើកុមារមានអាយុពី ៦ឆ្នាំដល់ ១២ឆ្នាំនេះ បានសិក្សានៅតាមប្រទេសនានា ហើយគេក៏បានចាក់សម្រាប់ក្មេងដែលមានអាយុក្រោម១២ឆ្នាំរួចមកហើយដែរ។ ក្រោយការបើកយុទ្ធនាការនេះ សម្ដេចតេជោ ក៏នឹងធ្វើសន្និសីទសារព័ត៌មានផងដែរ។
សូមជម្រាបថា ចំនួនកុមារអាយុពី៦ឆ្នាំ ដល់១២ឆ្នាំ តាមស្ថិតិជាបឋម នៅកម្ពុជាមានប្រមាណជិត១លាន៩សែននាក់៕