នាថ្ងៃទី១៦ខែកញ្ញានេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្រូវការថាមពលអគ្គិសនីរបស់កម្ពុជា នឹងមានការកើនឡើងខ្ពស់ ក្នុងអាត្រាមួយប្រហាក់ប្រហែល ទៅនឹងកម្រិតមុនពេលកូវីដ-១៩ ឬក៏ខ្ពស់ជាងនេះ នៅឆ្នាំ២០២២ខាងមុខ ។
ការអះអាងរបស់លោក ស៊ុយ សែម ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីថាមពលអាស៊ីបូព៌ា លើកទី១៥ ក្រោមប្រធានបទ «ផែនការគោលនយោបាយ បញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែង អន្តរកាលថាមពលរបស់កម្ពុជា ឆ្ពោះទៅកាន់ការកាត់បន្ថយឧស្ម័នកាបូន» តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោក ស៊ុយ សែម បានបញ្ជាក់យ៉ាងដូច្នេះថា «តាមការព្យាករណ៍ចុងក្រោយ របស់មូនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) បានបង្ហាញឲ្យឃើញថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា នឹងត្រូវរំពឹងថាងើបឡើងវិញ នាឆ្នាំក្រោយខាងមុខនេះ និងមានអាត្រាកំណើនប្រមាណ ៦.៩% នៅក្នុងឆ្នាំ២០២៥។ ដូច្នេះ បើការព្យាករណ៍របស់មូលនិធិរូបិយវត្ថុពិភពលោកនេះ ពិតជាត្រឹមត្រូវមែននោះ យើងរំពឹងថាតម្រូវការថាមពលរបស់កម្ពុជា នឹងមានការកើនឡើងខ្ពស់ ក្នុងអាត្រាមួយប្រហាក់ប្រហែល ទៅនឹងកម្រិតមុនពេលកូវីដ-១៩ ឬក៏ខ្ពស់ជាងនេះ ។ ថ្វីត្បិតតែសេដ្ឋកិច្ចពិភពលោក ត្រូវបានគេរំពឹងថា នឹងងើបឡើងវិញក៏ដោយ យើងនៅតែប្រឈមមុខ នឹងភាពមិនច្បាស់លាស់ នៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ជាពិសេស គឺការវិវឌ្ឍនៃជំងឺនេះ ទៅជាប្រភេទផ្សេងៗទៀតលឿនជាង ការរំពឹងទុកដែលកត្តានេះ នៅតែបន្តរំខាន ដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកល។ មុនវត្តមាននៃជំងឺរាតត្បាតកូវីដ១៩ សេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ ហើយតម្រូវការប្រើប្រាស់អគ្គិសនី បានកើនឡើងពីចន្លោះ ១៥% ទៅ២៣%។
រដ្ឋមន្ត្រី ស៊ុយ សែម បានបន្ថែមទៀតថា យោងតាមបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថា ការពង្រីកលទ្ធភាពទទួលបាន ថាមពលអគ្គិសនីមួយ ដែលទំនើប មានតម្លៃសមរម្យ និងអាចជឿទុកចិត្តបាន ក្នុងពេលជាមួយគ្នានោះ អាចកាត់បន្ថយដង់ស៊ីតេ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ គឺជាការចាំបាច់ណាស់សម្រាប់កម្ពុជា ក្នុងការសម្រេចគោលដៅ និងរបៀបវារៈនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាផង និងគោលដៅអន្តរកាលថាមពលឆ្ពោះ ទៅកាន់ការកាត់បន្ថយឧស្ម័នកាបូនផង។ នៅក្នុងគោលដៅឆ្ពោះទៅរកការកាត់បន្ថយឧស្ម័នកាបោន លោកជឿជាក់ថា មានការចាំបាច់ក្នុងការបង្កើនល្បឿន នៃការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាឌីជីថល ឥន្ធនៈស្អាត ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យា ថាមពលស្អាតនានា និងការអនុម័តដាក់ឲ្យប្រើប្រាស់ ក្នុងប្រព័ន្ធថាមពលរបស់ប្រទេសនីមួយៗ។
លោកបានលើកឡើងទៀតថា ជារួមកម្ពុជាបានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ក្នុងការផលិតថាមពលរបស់ខ្លួន។ ដើម្បីសម្រេចបានគោលដៅនេះ យើងរំពឹងថា នឹងមានការផលិតថាមពលពីប្រភពថាមពល កកើតឡើងវិញជាច្រើន និងគម្រោងប្រសិទ្ធិភាពថាមពលនាពេលខាងមុខនេះ។ ពិតណាស់ វាជាឱកាសសម្រាប់ វិស័យឯកជន និងរដ្ឋាភិបាល ដើម្បីសហការជាមួយគ្នាក្នុងការកៀងគរការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីសម្រេចឲ្យបាននូវការផ្លាស់ប្តូរមួយនេះ៕