ពិធីបុណ្យសែនព្រះខែ
បន្ទាប់ពីពិធីបុណ្យចូលឆ្នាំ បុណ្យសែនព្រះខែជាពិធីធំទី2របស់ជនជាតិចិន ឬអ្នកជាប់ខ្សែស្រឡាយចិន។ ពួកគេធ្វើពិធីនេះដោយការជួបជុំគ្នាញុំាអាហារពេលល្ងាច បង្ហោះគោម ញុំានំលោកខែ ក៏ដូចជាការបុណ្យផ្សងផ្សេងៗ។ ពិធីនេះមាននៅប្រទេសចិន ហុងកុង កូរ៉េ ជប៉ុន ម៉ាសុី សុីងហ្គាពួរ តៃវ៉ាន់ កម្ពុជា វៀតណាម ឥណ្ឌូនេសុី។ អត្ថន័យនៃពិធីនេះគឺការជួបជុំគ្នា ការនឹករឭក និងការបុណ្យផ្សងសុំសេចក្តីសុខ លាភសំណាងជាដើម។
រឿងតំណាលនៃការបុណ្យសែនព្រះខែ ៖
រឿងបានតំណាលថា កាលពីមុននៅលើចក្រវាលមានព្រះអាទិត្យដល់ទៅ10 ដែលជះកំដៅយ៉ាងខ្លាំងមកលើផែនដីធ្វើឲ្យ មនុស្សពិបាកក្នុងការរស់នៅ ថ្ងៃមួយមានអ្នកក្លាហានម្នាក់ឈ្មោះថា ហ៊ួ អុីដែលមានមហិទ្ធិឫទ្ធិពិសេស បានបាញ់កំទេញ ព្រះអាទិត្យ9ចោល ធ្វើឲ្យគាត់មានឈ្មោះល្បីរន្ទឺពាសពេញផែនដី និងមានមនុស្សជាច្រើនមកពីទីជិតឆ្ងាយមករៀនពីគាត់ ហើយប៉េង ម៉េងជាសិស្សម្នាក់របស់គាត់ក្នុងចំណោមសិស្សជាច្រើននាក់ផ្សេងទៀត។
ហ៊ូអុីបានរៀបការជាមួយមនុស្សស្រីម្នាក់ដែលមានសម្រស់ស្អាត និងមានទឹកចិត្តដ៏ល្អប្រពៃឈ្មោះថា ឆាង អុី ហើយពួកគេរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល។ ថ្ងៃមួយហ៊ួ អុី បានជួបព្រះម៉ែនៅតាមផ្លូវពេលគាត់ធ្វើដំណើរទៅ លេងនឹងមិត្តចាស់របស់គាត់។ ព្រះម៉ែបានឲ្យថ្នាំទិព្វដល់គាត់ និងបានប្រាប់គាត់ថាបើគាត់លេបថ្នាំទិព្វនេះនឹងហោះទៅ ឋានសួគ៌ប្រែជាទេវតាភ្លាម។ ហ៊ួអុីមិនបានលេបថ្នាំនោះទេ តែគាត់យករឿងនោះមកប្រាប់ប្រពន្ធគាត់ ហើយឲ្យនាងលាក់ ថ្នាំនិងការសម្ងាត់នោះ។ ជាហេតុអាក្រក់ ប៉េង ម៉េងដែលជាសិស្សរបស់ហ៊ួអុីបានស្តាប់ឮ ក៏កើតចិត្តលោភលន់ នៅពេលដែលហ៊ួ អុី ចេញទៅបរបាញ់គេបានបង្ខំឲ្យឆាងអុីយកថ្នាំទិព្វនោះឲ្យខ្លួន ដោយទប់ទល់នឹងប៉េង ម៉េងមិនបាន ឆាងអុីក៏បង្ខំចិត្តយកថ្នាំមកលេប។ ក្រោយពីលេបហើយភ្លាម ខ្លួនរបស់នាងក៏ហោះអណ្តែតទៅលើមេឃ ដោយក្តីស្រឡាញ់ចំពោះស្វាមី នាងបានហោះទៅនៅឋានព្រះច័ន្ទព្រោះជាកន្លែងដែលនៅជិតផែនដីជាងគេនៅឋានសួគ៌។
ហ៊ួ អុីឃើញប្រពន្ធរបស់ខ្លួនហោះទៅក៏ស្រែកយំហៅប្រពន្ធមកវិញ ប៉ុន្តែនាងបានក្លាយជាទេវតាទៅហើយ ដូច្នេះនាងមិនអាចរស់នៅឋានកណ្តាលជាមួយខ្លួនបានទេ។ ហ៊ួ អុីតែងងើយមើលព្រះច័ន្ទ នៅពេលគេនឹករឭកដល់ប្រពន្ធរបស់ខ្លួន ហើយគាត់តែងយកនំចំណីដែលឆាង អុីចូលចិត្តមកធ្វើការសែនព្រេនដល់នាង។ មនុស្សម្នាក៏ចាប់ផ្តើមធ្វើការសែនព្រេន បួងសួងដល់នាងដើម្បីសុំសេចក្តីសុខ និងលាភសំណាងតរាងមក។
កែសម្រួលអត្ថបទដោយ King Scorpio