ព្រះសីហនុ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវ បង្ក្រាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ (រវាងជនជាតិចិន និងជនជាតិចិន) ឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ និងរំដោះជនរងគ្រោះដោយសុវត្ថិភាព។
លោកស្នងការនគរបាលខេត្តបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា កាលពីថ្ងៃទី០៦ ខែកញ្ញា វេលាម៉ោង១៣និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលពាក្យបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Wen ShangQian ថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី មិត្តភក្តិរបស់គាត់ឈ្មោះ Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន បានទូរស័ព្ទប្រាប់គាត់ថា កំពុងចេញធ្វើដំណើរទៅកំពង់ផែ ដោយមានរថយន្ត០១គ្រឿង ម៉ាក HIGHLANDER ពណ៌ស មកទទួលនៅចំណុចមុខស្ថាននីយប្រេង PTT អូរបី ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយមកស្រាប់តែបាត់ដំណឹងរហូត។
លុះដល់វេលាម៉ោង២១ ថ្ងៃ.ខែ.ឆ្នាំដដែល ស្រាប់តែជនរងគ្រោះឈ្មោះ Yi GengFa បានវីឆាតមកខ្ចីប្រាក់គាត់ចំនួន ៨,០០០ Yuan (ប្រាំបីពាន់យាន់) បានប្រហែលជាមួយម៉ោងក្រោយ ស្រាប់តែជនរងគ្រោះសុំខ្ចីចំនួន ៦,០០០$ (ប្រាំមួយពាន់ដុល្លារអាមេរិក) ថែមទៀត តែគាត់មិនបានវេរអោយទេ ដោយមានការសង្ស័យគាត់ក៏មកប្តឹងសមត្ថកិច្ចតែម្តង។
លោកស្នងការនគរបាលខេត្តព្រះសីហនុ បន្ថែមថា បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការក្រុងនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ ចុះទៅកន្លែងកើតហេតុស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងត្រួតពិនិត្យកាំមេរ៉ាសុវត្ថិភាពតាមដងផ្លូវ រហូតឈានដល់កំណត់បានអត្តសញ្ញាណរថយន្ត ដែលជនសង្ស័យប្រើប្រាស់ជាមធ្យោបាយចាប់ជំរិតជនរងគ្រោះ គឺរថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខៈ ព្រះសីហនុ 2B-1799។
កម្លាំងជំនាញបានបន្តការស្រាវជ្រាវ រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ០៥នាក់ ជាបន្តបន្ទាប់ និងរំដោះបានជនរងគ្រោះឈ្មោះ Yi GengFa ដែលត្រូវបានក្រុមជនសង្ស័យដាក់ខ្នោះដៃ បង្ខាំងទុកនៅផ្ទះមួយល្វែង ដែលមានទីតាំងស្ថិតនៅក្រុមទី៣១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ Yi GengFa ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរចុងភៅ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ រងរបួស បែកបបូរមាត់ខាងលើ មានស្នាមជាំនៅដើមទ្រូង និងដើមដៃខាងស្តាំ ព្រមទាំងមានស្នាមរបួសនៅកដៃទាំងសងខាង ដោយត្រូវជនសង្ស័យដាក់ខ្នោះដៃ។ ចំណែកជនសង្ស័យទាំង ០៥នាក់ ទី១-ឈ្មោះ ZHOU HAOSHENG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ កាស៊ីណូ ផ្នែកទិញទំនិញ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី២-ឈ្មោះ CAO JIAWEI ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី៣-ឈ្មោះ CHEN XUEDONG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ទី៤-ឈ្មោះ DAI SHENGLONG ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និងទី៥-ឈ្មោះ SONG JIAWEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ ខ្នោះដៃ ០១គូរ (ដាក់ជាប់ដៃជនរងគ្រោះ), សោរដោះខ្នោះដៃចំនួន០២, រថយន្ត ០២គ្រឿង (១-ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខៈ ព្រះសីហនុ 2B-1799 (មធ្យោបាយប្រព្រឹត្តបទល្មើស) ២-ម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខៈ ភ្នំពេញ 2BB-0150 ។ (មធ្យោបាយប្រព្រឹត្តបទល្មើស)) ។
បច្ចុប្បន្នក្រុមជនសង្ស័យខាងលើ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់៕