ព្រះរាជាណាចក្រកម្ពុជា គ្រោងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ តាមបែបគន្ថងថ្មី ក្នុងនោះក៏មាន វិស័យទេសចរណ៍ផងដែរ ដោយចាប់ផ្តើមពីទេសចរណ៍ក្នុងស្រុក ហើយបន្ទាប់មកទៀត គឺទេសចរណ៍ ដែលបានទទួលការចាក់វ៉ាក់សាំងរួចជាដើម នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។
មានប្រសាសន៏នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា កម្ពុជា គ្រោងបើកដំណើរការសកម្មភាពទេសចរណ៍ឡើងវិញនាពេលខាងមុខ ហើយគម្រោងបើកដំណើរការសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាវិវ័យទេសចរណ៏នេះបានធ្វើឡើងកម្ពុជា បានទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំង ដែលមកដល់ពេលនេះសម្រេចបានជាង ៩០ភាគរយហើយ។
បើតាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ការចាក់វ៉ាក់សាំងគិតមកដល់បច្ចុប្បន្ននេះ សម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង កម្ពុជាសម្រេចបានប្រមាណជាង ៩០ភាគរយ ធៀបនឹងគោលដៅចំនួន ១០ លាននាក់ និងកុមារអាយុចាប់ពី ១២ ឆ្នាំ រហូតដល់ក្រោម ១៨ ឆ្នាំ បានប្រមាណ ១,៤ លាននាក់ ធៀបនឹងគោលដៅ ២ លាននាក់។ លោកបញ្ជាក់ថា “កម្ពុជានឹងបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ទាំងអស់នាពេលឆាប់ៗនេះ លើកលែងតែកម្រិតបឋមសិក្សា។ បន្ថែមពីនេះ កម្ពុជាគ្រោងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញតាមបែបគន្ថងថ្មី ដោយនឹងត្រូវចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់មកវិស័យទេសចរណ៍ក្នុងស្រុក និងទេសចរណ៍ ដែលបានទទួលការចាក់វ៉ាក់សាំងរួចជាដើម។
ស្ថិតិភ្ញៀវទេសចរណ៍ឆ្នាំ២០២០ បង្ហាញថា វិបត្តិជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើវិស័យទេសចរណ៍នៅកម្ពុជា ដោយប្រាក់ចំណូលពីទេសចរណ៍អន្តរជាតិទទួលបានក្នុងឆ្នាំ២០២០ មានត្រឹម ១,០២៣ពាន់លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ៧៩,២ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលមាន ៤,៩១៩ ពាន់លានដុល្លារ។ ចំណែកភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជាមានចំនួន ១,៣១លាននាក់ ថយ ៨០,២ ភាគរយ ធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន ៦,៦១ លាននាក់។
ដោយសារតែមានផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ១៩ ថ្មីៗនេះក្រសួងទេសចរណ៏បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋាន គតិយុត្តិ ស្ដង់ដា SOP តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗ ហើយនិតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) នេះ ត្រូវបានរៀបចំឡើងស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌ នៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មី តាមស្ថានភាពបច្ចុប្បន្ន។
មានប្រសាសន៏ក្នុងជំនួបជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លោកស្រី Victoria Kwakwa អបអរសារទរ ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវី-១៩ ជាពិសេសលើចំណាត់ការដ៏រហ័សក្នុងការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋធៀបនឹងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា ក៏ដូចជាការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងឡាយ៕ (មានជ័យ)