តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្តនានាទូទាំងប្រទេស បានឱ្យដឹងថា នៅចុងសប្ដាហ៍ទី២ នៃខែកញ្ញា ដោយចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកញ្ញា នៅទូទាំងប្រទេស កម្ពុជា ទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ៦២, ៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន៩៥៩ នាក់។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា តួលេខនេះ មានការកើនឡើង ២៤.២៥ ភាគរយ ធៀបនឹងសប្តាហ៍កន្លងទៅ។ លោកថា ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរណ៍ផ្ទៃក្នុង នៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈរាជធានី-ខេត្តមួយចំនួននៅបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។
រដ្ឋមន្រ្តីឲ្យដឹងដែរថា មន្ទីរទេសចរណ៍ ដែលជាសេនាធិការឲ្យរដ្ឋបាលរាជធានី-ខេត្ត បាន និងកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដា អប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក នៅតាម មូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ-១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត។ ជាងនេះទៀត ក្រសួងទេសចរណ៍ក៏បានដាក់ចេញសារាចរណែនាំ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌផងដែរ។
សូមបញ្ជាក់ថា តាមរាបាយការណ៏ដែលទទួលបាន គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ៖ ១៨,៨៤៦ នាក់, កំពង់ធំ៖ ១,៣៣៦ នាក់, ឧត្តមានជ័យ៖ ១៨៥ នាក់, ព្រះវិហារ៖ ១៧១ នាក់, សៀមរាប៖ ចំនួន ១៩៤ នាក់, ព្រះសីហនុ៖ ចំនួន ៣,៣៨៤ នាក់, ខេត្តកំពត៖ ១៥,៧២១ នាក់, ខេត្តកែប៖ ៧,៥៧០ នាក់, កោះកុង ៖ ១,១០៦ នាក់, ក្រចេះ៖ ១២៤ នាក់, មណ្ឌលគិរី៖ ៨៩២ នាក់, រតនគិរី៖ ១៤៧ នាក់, ខេត្តពោធិ៍សាត់៖ ៣,២៥៨ នាក់, ខេត្តតាកែវ៖ ៣,៧៣៦ នាក់៕ (មានជ័យ)