ប្រទេសអ៊ីស្រាអែល៖ ដោយយោងតាមវិស័យសុខាភិបាលរបស់អ៊ីស្រាអែលបានអោយដឹងនាពេលថ្មីនេះថា÷ ប្រទេសអ៊ីស្រាអែលកំពុងត្រៀមរៀបចំ ដើម្បីធានាថាមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់ ក្នុងករណីមានការចាំបាច់ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអ៊ីស្រាអែលគ្រប់គ្រាន់ ដើម្បីការពារជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលជាប្រទេសមុនដំបូងគេក្នុងលោក ដែលចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ទៅលើក្មេងដែលមានអាយុចាប់ពី ២ឆ្នាំ និងជាប្រទេសជួរមុខ ដែលចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣ ឬដូសជម្រុញផងដែរ។ ខណៈពេលនេះ ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុក្នុងស្រុកថា "យើងនឹងអាចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រាប់ដូសទី៤ គ្រាន់តែយើងមិនដឹងថាការចាក់ដូសទី៤ នឹងចាប់ផ្តើមនៅពេលណាទេ តែខ្ញុំសង្ឃឹមថានឹងមិនមែនក្នុងរយៈពេល៦ខែដូចពេលនេះទេ"។
អ៊ីស្រាអែលដែលពឹងផ្អែកទៅលើវ៉ាក់សាំងរបស់ក្រុមហ៊ុន ហ្វាយហ្ស័រ (Pfizer) នោះរហូតមកទល់ពេលនេះ បានចាក់វ៉ាក់សាំងដូសទី៣ដល់ពលរដ្ឋរបស់គេ បានប្រហែល ២,៨លាននាក់ បន្ទាប់ពីបានចាប់ផ្តើមយុទ្ធនាការ ចាក់ដូសជម្រុញកាលពីខែសីហាមក។ ក្រុមមន្ត្រីសុខាភិបាលបាននិយាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងចាក់មុនៗបានថយចុះក្នុងរយៈពេល៥ខែ ដោយចាំបាច់ត្រូវចាក់ដូសជំរុញបន្ថែម។
សហរដ្ឋអាមេរិកនិងអង់គ្លេស ក៏គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញនៅក្នុងខែនេះផងដែរ ខណៈដែលអឺរ៉ុបកំពុងពិចារណាចាក់ដូសទី៣។
យុទ្ធនាការចាក់ដូសទី៣ បានធ្វើឡើងក្នុងគ្រាដែលអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យពន្យារពេលយ៉ាងហោចណាស់ រហូតដល់ចុងឆ្នាំនេះដើម្បីផ្តល់អាទិភាពដល់ក្រុមមនុស្ស មានហានិភ័យខ្ពស់នៅជុំវិញពិភពលោក ដែលមិនទាន់បានចាក់សូម្បីដូសទី១។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ ប្រទេសអ៊ីស្រាអែលមានអ្នកឆ្លងកូវីត-១៩ ចំនួន ១១,៨០០នាក់ សរុបអ្នកឆ្លងទាំងអស់ចំនួន ១,១៨៤,០៥៣នាក់ និងនៅក្នុងលេខរៀងទី៣២ ក្នុងចំនួនប្រទេសទាំង១៩៥ ទូទាំងសកលលោក៕
អត្ថបទ និងរូបភាពដោយ កណ្ដាប់ដៃដែក