តូក្យូ- កាលពីថ្ងៃច័ន្ទ ក្រសួងការបរទេសជប៉ុន បានជំរុញឲ្យពលរដ្ឋរបស់ខ្លួន ស្ថិតនៅឲ្យឆ្ងាយពីពិធីជួបជុំសាសនា និងទីប្រជុំជនដែលមានមនុស្សច្រើនកុះករ នៅក្នុងប្រទេសអាស៊ានចំនួន៦ ដោយបានព្រមានថាអាច នឹងមានការវាយប្រហារដោយភេវរកម្ម។ ក្រសួងបាននិយាយថា មានហានិភ័យខ្ពស់ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត។
ការព្រមានរបស់ជប៉ុនទៅកាន់ពលរដ្ឋរបស់ខ្លួននេះ សំដៅទៅកាន់ប្រទេសចំនួន៦រួមមាន ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃ ឥណ្ឌូណេស៊ី និង មីយ៉ាន់ម៉ា ។
ការផ្តល់យោបល់នេះធ្វើឲ្យមានការងឿងឆ្ងល់ពីសំណាក់មេដឹកនាំនៃប្រជាជាតិជាច្រើនក្នុងតំបន់ ដែលពួកគេមិនបានដឹងពីដណឹងនេះ ឬក៏ទទួលព័ត៌មានលំអិតពីជប៉ុនផងដែរ។
Tanny Sangrat អ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយថា ជប៉ុនមិនបានបញ្ចេញឲ្យដឹងអំពីប្រភពនៃការព្រមាននេះទេ ហើយទូតជប៉ុនក៏មិនបានធ្វើសេចក្តីលំអិតបន្ថែមទៀតដែរ គ្រាន់តែនិយាយថា មិនមែនសំដៅមកកាន់ប្រទេសថៃនោះទេ។ អង្គការសន្តិសុខថៃ ក៏មិនបានទទួលព័ត៌មានក្នុងការគំរាមកំហែងបែបនេះដោយខ្លួនឯងដែរ បើតាមសំដីអ្នកនាំពាក្យរងប៉ូលីស លោក Kissana Pattanacharoeun ។
ស្រដៀងគ្នានេះដែរ ក្រសួងការបរទេសហ្វីលីពីន បាននិយាយថា គេមិនបាទទួលព័ត៌មានគំរាមបែបនេះទេ ខណៈដែលឥណ្ឌូនេស៊ីក៏និយាយដូចគ្នា។ ក្រសួងការបរទេសជប៉ុន ប្រកែកមិនព្រមប្រាប់ពីប្រភពនៃព័ត៌មាន ឬក៏ថាគេបានចែករំលែកព័ត៌មាននេះពីប្រទេសណានោះទេ៕