តើស្រាក្រហមមានអត្ថប្រយោជន៍សំរាប់សុខភាពយ៉ាងដូចម្តេចខ្លះ? ការសិក្សាបានបង្ហាញថា ការទទួលទានស្រាក្រហមក្នុងកម្រិតមធ្យម ដែលមានជាតិអាល់កុលពី ១២% ទៅ ១៥% ជារៀងរាល់ថ្ងៃ ជួយការពារជំងឺមួយចំនួន ដូចជា ជំងឺបេះដូង។ ប៉ុន្តែអ្នកត្រូវតែដឹងពីភាពខុសគ្នារវាងកម្រិតមធ្យម និងលើស នៃការទទួលទានស្រា។ ការទទួលទានស្រាច្រើនពេក អាចប៉ះពាល់ដល់សុខភាព។ ម្យ៉ាងវិញទៀត ការទទួលទានស្រាតិចតួច អាចមិនផ្តល់នូវអត្ថប្រយោជន៍សោះ ដល់អ្នកដែលចូលចិត្តផឹកកម្រិតមធ្យម។
អត្ថប្រយោជន៍សុខភាព ១០ យ៉ាងរបស់ស្រាក្រហម
ស្រាក្រហមដែលអាចមានរសជាតិ និងពណ៌ផ្សេងៗគ្នា ត្រូវបានផលិតឡើង ដោយការកិន និងការចម្រាញ់ ដោយយកផ្លែទំពាំងបាយជូរដែលមានពណ៌ស្រអាប់។ ស្រាក្រហមមានច្រើនប្រភេទ ដែលមានច្រើនជាងគេ គឺ មេលឡូត (Merlot), ភីណូតណូអ៊ែរ (Pinot Noir), កាបឺណេតសូវីនតុន (Cabernet Sauvignon), ស៊ីរ៉ាស (Shiraz)។
១. សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
មុនពេលទទួលទានស្រាក្រហម អ្នកត្រូវដឹងស្ទើរតែទាំងអស់អំពីស្រា។ តើផលប៉ះពាល់អវិជ្ជមាន និងវិជ្ជមានអ្វីខ្លះ ដែលវាអាចបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នក ព្រោះវាសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ ផ្លែទំពាំងបាយជូរខ្មៅ មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ដូចជា សារធាតុ resveratrol, epicatechin, catechin និង proanthocyanidins ។ ក្នុងចំណោមសារធាតុទាំងនេះសារធាតុ Resveratrol និង Proanthocyanidins មានតួនាទីសំខាន់ក្នុងការរក្សាសុខភាពរបស់អ្នក។
២. បញ្ចុះកូលេស្តេរ៉ុលអាក្រក់
ស្រាក្រហមត្រូវបានគេដឹងថា វាអាចបញ្ចុះកូឡេស្តេរ៉ុលមិនល្អនៅក្នុងប្រព័ន្ធរាងកាយរបស់មនុស្ស។ យោងតាមការសិក្សាស្រាទំពាំងបាយជូរក្រហម Tempranillo ដែលមានជាតិសរសៃខ្ពស់ ត្រូវបានគេប្រើ ដើម្បីផលិតស្រាក្រហមមួយចំនួន ដូចជា រីយ៉ូ (Rioja) សម្រាប់កាត់បន្ថយកម្រិតកូលេស្តេរ៉ុលមិនល្អ។
៣. ធ្វើឱ្យបេះដូងមានសុខភាពល្អ
វាមិនត្រឹមតែកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលមិនល្អនោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យបេះដូងមានសុខភាពល្អទៀតផង។ ប៉ូលីហ្វេណុល (Polyphenols) ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទ ដែលមាននៅក្នុងស្រាក្រហម អាចការពារការកកឈាម ដែលដោយធ្វើឱ្យសរសៃឈាមមិនអាចបត់បែនបាន។ ទោះយ៉ាងណាក៏ដោយ គួរចងចាំថា ការផឹកស្រាច្រើនធ្វើឱ្យប៉ះពាល់ដល់បេះដូង។
៤. គ្រប់គ្រងជាតិស្ករក្នុងឈាម
សារធាតុ Resveratrol ដែលជាសមាសធាតុធម្មជាតិមាននៅក្នុងសំបកទំពាំងបាយជូរ សម្រាប់គ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ចំពោះអ្នកជំងឺទឹកនោមផ្អែម។ ការស្រាវជ្រាវបានបង្ហាញថា ការលេបថ្នាំ Resveratrol ២៥០មីលីក្រាមម្តងក្នុងមួយថ្ងៃ រយៈពេល៣ខែ មានកម្រិតជាតិគ្លុយកូសក្នុងឈាមទាបជាងអ្នកដែលមិនប្រើ។ Resveratrol ក៏គ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល និងសម្ពាធឈាមស៊ីស្តូលិកផងដែរ។
៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ការទទួលទានស្រាក្រហមជាប្រចាំដែលមានកម្រិតមធ្យម អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកប្រភេទមួយចំនួន បានយ៉ាងមានប្រសិទ្ធភាព ដូចជាកោសិកាមហារីកពោះវៀនធំ មហារីកក្រពេញប្រូស្តាត មហារីកក្រពេញអូវែ -ល-។ អ្នកវិទ្យាសាស្ត្របានប្រើកម្រិតមួយនៃសារធាតុ Resveratrol លើកោសិកាមហារីករបស់មនុស្ស ហើយបានរកឃើញថា វារារាំងសកម្មភាពសំខាន់របស់អេប្រូតេអ៊ីនដែលជួយមហារីកឲ្យលូតលាស់។
៦. ជួយព្យាបាលជំងឺផ្តាសាយធម្មតា
សារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងស្រាក្រហម អាចព្យាបាលជំងឺផ្តាសាយធម្មតា ដោយសារអង់ទីអុកស៊ីដង់ការពារកោសិកាប្រឆាំងនឹងផលអាក្រក់នៃរ៉ាឌីកាល់សេរី ដែលមានតួនាទីយ៉ាងខ្លាំង ក្នុងការកាពារជំងឺផ្តាសាយ មហារីក និងជំងឺផ្សេងៗទៀត។
៧. រក្សាការចងចាំបានល្អ
ចង់ដឹងពីរបៀបធ្វើឱ្យមានការចងចាំបានល្អដែរឬទេ? យោងតាមការស្រាវជ្រាវសារធាតុ Resveratrol ដែលមាននៅក្នុងស្រាក្រហម រារាំងការបង្កើតប្រូតេអ៊ីនបេតា-អាមីឡូដ ដែលជាធាតុផ្សំសំខាន់ នៅក្នុងបន្ទះខួរក្បាលរបស់មនុស្សដែលមានជំងឺភ្លេចភ្លាំង។
៨. ធ្វើឱ្យអ្នកមានរាងស្លីម
អ្នកនឹងរីករាយដែលដឹងថា សារធាតុ Resveratrol ក៏ជួយរក្សាទម្ងន់របស់អ្នកផងដែរ។ សមាសធាតុគីមី piceatannol បម្លែងពីសារធាតុ resveratrol ជួយកាត់បន្ថយកោសិកាខ្លាញ់នៅក្នុងខ្លួនយើង។ យោងតាមអ្នកស្រាវជ្រាវ សារធាតុ piceatannol ជួយពន្លឿនការទទួលអាំងស៊ុយលីននៃកោសិកាខ្លាញ់ ដែលរារាំងមិនអោយកោសិកាខ្លាញ់លូតលាស់។
៩. កាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត
ការសិក្សាមួយដែលធ្វើឡើងលើមនុស្សវ័យកណ្តាល និងមនុស្សចាស់ បានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យមជារៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយការធ្លាក់ទឹកចិត្ត។ អ្នកដែលទទួលទានស្រាក្រហមទំនងជា មានជំងឺធ្លាក់ទឹកចិត្តតិចជាងអ្នកដែលមិនផឹកស្រា។
១០. មានឥទ្ធិពលវិជ្ជមានលើប្រព័ន្ធរំលាយអាហារ
សារធាតុប្រឆាំងបាក់តេរីនៃស្រាក្រហមអាចព្យាបាលជំងឺរលាកក្រពះ និងបញ្ហារំលាយអាហារដទៃទៀត។ ការប្រើប្រាស់ស្រាទំពាំងបាយជូរក៏ បានជួយកាត់បន្ថយ ហានិភ័យនៃការឆ្លងមេរោគ Helicobacter pylori ដែលជាបាក់តេរីដែលមាននៅក្នុងក្រពះ។
ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណ អាចមានផលប៉ះពាល់អវិជ្ជមានមួយចំនួនដល់រាងកាយ រួមមានក្រិនថ្លើម និងឡើងទម្ងន់-ល-។ វាថែមទាំងអាចគំរាមកំហែង ដល់អាយុជីវិតទៀតផង។ ទោះយ៉ាងណាក៏ដោយនោះ មិនមែនមានន័យថា អ្នកមិនអាចផឹកស្រាក្រហម ដែលអ្នកចូលចិត្តនោះទេ។ វាមិនគួរលើសពី ១ ទៅ ១កែវកន្លះ ក្នុងមួយថ្ងៃ សម្រាប់ស្ត្រី និង ១ទៅ២កែវ ក្នុងមួយថ្ងៃសម្រាប់បុរស។ គួរណែនាំឱ្យរំលងការទទួលទានស្រា រយៈពេល១ឬ២ថ្ងៃ ដើម្បីឱ្យមានគម្លាតគ្រប់គ្រាន់ក្នុងការផឹក។
មិនមែនចាំបាត់ត្រូវតែផឹកស្រាក្រហមនោះទេ ព្រោះអ្នកនៅតែអាចទទួលបានអត្ថប្រយោជន៍ពីស្រាក្រហមបានដដែល ដោយអ្នកអាចប្រើវាជាគ្រឿងផ្សំនៅក្នុងអាហាររបស់អ្នក ឬរៀបចំទឹកជ្រលក់ដែលលាយស្រាក្រហម ដើម្បីទទួលទានជាមួយអាហារពេលល្ងាចរបស់អ្នក។ ស្រាក្រហមក៏មានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនទៀត ដូចជាព្យាបាលជំងឺឈឺក្បាល កាត់បន្ថយការទទួលទានកាឡូរី ដោយបំបាត់ចំណង់អាហារ -ល-។
ប្រសិនបើអ្នកជាអ្នកចូលចិត្តស្រា អ្នកអាចប្រើវា ដើម្បីផលប្រយោជន៍សុខភាពផ្ទាល់ខ្លួនរបស់អ្នក ដោយការទទួលទានវាក្នុងបរិមាណដែលត្រឹមត្រូវ។ ទោះបីជាមានវិធីផ្សេងទៀត ដើម្បីរក្សាសុខភាពក៏ដោយ អ្នកដែលចូលចិត្តស្រា អាចកែសម្រួលវិធីផឹក និងធានាបាននូវជីវិតល្អប្រសើរដែលគ្មានជំងឺ៕
Admin នឹងសាកល្បងផឹកស្រាក្រហម កុំឲ្យឈឺក្បាលម្តងមើល >-< >o<
អត្ថបទដកស្រង់ពី Whitehalllane
បកប្រែ និងកែសម្រួលដោយ លោក ម៉េងស៊