នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ, បង្ខាំងមនុស្សដោយចេតនាទុច្ចរិតក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធរបស់ខ្លួន,កាន់កាប់អាវុធដោយខុសច្បាប់និងរំលោភសេពសន្ថវៈទៅលើកូនស្រីចុងដោយគំរាមកំហែងថានឹងសម្លាប់។ លើសពីនេះទៅទៀតជនសង្ស័យរូបនេះក៏ជាបុគ្គលដែលល្បីសំបូររឿងក្តីមិនចេះចប់ក្នុងរយៈកាលកន្លងមកទាំងនៅតាមបណ្តាខេត្តនិងរាជធានី។
ជនសង្ស័យឈ្មោះ ឡេង ប៊ុនស្រ៊ី ភេទប្រុសអាយុ៥៦ឆ្នាំមានស្រុកកំណើតឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម បានចាប់ដៃគ្នាជាប្តីប្រពន្ធជាមួយស្រ្តីម្នាក់មេម៉ាយកូន០៥កាលពីចុងឆ្នាំ២០១១លុះដល់ចុងឆ្នាំ២០១៩ជនសង្ស័យបានដាក់ពាក្យបណ្តឹងនៅតុលាការដើម្បីសុំលែងលះប្រពន្ធនិងចែកទ្រព្យសម្បត្តិគ្នាប៉ុន្តែជនសង្ស័យបែរជាប្រាប់ប្រពន្ធថាខ្លួនបានដាក់បណ្តឹងព្រហ្មទណ្ឌឲ្យតុលាការចាប់ប្រពន្ធដាក់គុកបើប្រពន្ធចង់រួចបណ្តឹងត្រូវធ្វើកិច្ចព្រមព្រៀងលែងលះគ្នាដោយស្ម័គ្រចិត្តចែកទ្រព្យសម្បត្តិគ្នាពាក់កណ្តាលរួមមានដីធ្លីនៅអង្គស្នួល០២កន្លែងនិងផ្ទះនៅអូរបែកក្អម០១កន្លែងព្រមទាំងត្រូវសងលុយឲ្យជនសង្ស័យ១៨ម៉ឺនដុល្លារនៅពេលណាដែលលក់ដីដែលជាទ្រព្យផ្ទាល់របស់ប្រពន្ធនៅឯខេត្តសៀមរាប ។ ស្រាប់តែពេលប្រពន្ធចូលដល់តុលាការទើបដឹងថាប្តីខ្លួនប្តឹងលែងលះទៅវិញពុំមែនប្តឹងរឿងព្រហ្មទណ្ឌដើម្បីចាប់ខ្លួនដាក់គុកដូចការគម្រាមរបស់ប្តីឡើយដូច្នេះប្រពន្ធក៏មិនព្រមយកកិច្ចព្រមព្រៀងបែងចែកទ្រព្យនិងសងលុយឲ្យជនសង្ស័យនោះទេមកប្រគល់ទៅឲ្យតុលាការទេក្រោយមកជនសង្ស័យដែលជាប្ដីបានហៅប្រពន្ធមកគំរាមដោយដាក់កាំភ្លើងលើតុហើយគំរាមថាបើមិនយកកិច្ចព្រមព្រៀងនេះទៅដាក់ឲ្យតុលាការទេប្រយ័ត្នកូនកំព្រាអត់ម្ដាយ ។ តែដោយពួកខ្លួនរស់នៅជាមួយគ្នាពុំមានអេតាស៊ីវិលតុលាការបានលើកចោលការទាមទារសុំឈប់រស់នៅជាអនិតិសង្វាសរបស់ដើមចោទតែឲ្យអនុវត្តកិច្ចព្រមព្រៀងដែលប្តីបានបង្ខំឲ្យប្រពន្ធធ្វើមុនចូលតុលាការទៅវិញ។
ក្រោយមកនាអំឡុងខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានសុំប្រពន្ធត្រូវរូវគ្នាវិញនិងបានចុះអេតាស៊ីវិលជាមួយគ្នាដើម្បីបញ្ជាក់ចិត្តស្មោះ។ លុះនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យបានបង្ខំឲ្យប្រពន្ធរកលុយមកឲ្យខ្លួន១៨ម៉ឺនដុល្លារតាមកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយគ្នាមុនពេលចុះអេតាស៊ីវិលតែប្រពន្ធមិនព្រមឲ្យលុយនោះក៏បង្កជាជម្លោះឈានទៅដល់ការប្រើហិង្សាហើយជនសង្ស័យក៏បានដេញប្រពន្ធចេញពីផ្ទះប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្តង ។
លុះនៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចទទួលបានការសុំអន្តរាគមន៍ពីដើមបណ្តឹងបន្ថែមថាកូនរបស់គាត់០២នាក់ត្រូវបាជនសង្ស័យបង្ខាំងទុកក្នុងផ្ទះសូមឲ្យសមត្ថកិច្ចជួយរំដោះកូនគាត់ផង។ មន្ត្រីជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះអនុវត្តជាក់ស្តែងនៅចំណុចផ្ទះលេខ៤៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញរកឃើញថាជនសង្ស័យពិតជាចាក់សោរបង្ខាំងមនុស្ស០២នាក់ខុសច្បាប់ដែលត្រូវជាកូនចុងរបស់ជនសង្ស័យ(ក្នុងនោះមានអនិតិជនម្នាក់)ពិតមែន ហើយជនសង្ស័យបានគេចខ្លួនពេលបានឃើញកម្លាំងសមត្ថកិច្ច។ សមត្ថកិច្ចព្រមទាំងអាជ្ញាធរភូមិបានធ្វើការអន្តរាគមន៍កាត់សោផ្ទះរំដោះកូនទាំងពីរនាក់នោះមកវិញ។
ក្រោយមកមន្ត្រីជំនាញបានតាមរកជនសង្ស័យឃើញនាព្រលប់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ ក៏បានហៅជនសង្ស័យមកកាន់ការិយាល័យដើម្បីបំភ្លឺស្រាប់តែកូនស្រីចុងរបស់ជនសង្ស័យបានបង្ហើបថានាងក៏ជាជនរងគ្រោះធ្លាប់ត្រូវបានជនសង្ស័យដែលជាឪពុកចុងចាប់រំលោភផងដែរតែនាងមិនហ៊ានប្រាប់អ្នកណាព្រោះជនសង្ស័យបានគម្រាមថានឹងសម្លាប់ចោលម្យ៉ាងជនសង្ស័យធ្លាប់មានប្រវត្តិជាប់គុក០៦ឆ្នាំព្រោះសម្លាប់មនុស្សពីមុនមកនិងតែងតែបង្កអំពើហិង្សាក្នុងគ្រួសារជារឿយៗព្រមទាំងមានកាំភ្លើងខ្លីមួយដើមទៀតហើយសមត្ថកិច្ចក៏បានដកហូតកាំភ្លើងហ្គាសបាញ់គ្រាប់កង់០១ដើមពីផ្ទះជនសង្ស័យផងដែរ។ ចំណុចភ្ញាក់ផ្អើលទៅទៀតនោះគឺជនសង្ស័យ ឡេង ប៊ុនស្រ៊ី នេះក៏ធ្លាប់មានរឿងអាស្រូវជាច្រើននៅតាមខេត្តទៀតផង៕