ប៉េកាំង ៖លោក វ៉ាង យី (Wang Yi) កើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៥៣ មុននឹងបានក្លាយជាទីប្រឹក្សារដ្ឋ និងប្រមុខការទូតកំពូលរបស់ចិន លោកធ្លាប់បានកាន់តំណែងសំខាន់ៗជាច្រើនរួចមកហើយដូចជា អនុរដ្ឋមន្ត្រីការបរទេស, ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន និងនាយកនៃការិយាល័យកិច្ចការកោះតៃវ៉ាន់ជាដើម។
បុរសដែលមានស្រុកកំណើតនៅទីក្រុងប៉េកាំងរូបនេះ បានបញ្ចប់ថ្នាក់វិទ្យាល័យនៅពីខែកញ្ញា ឆ្នាំ១៩៦៩ ដែលកាលណោះ លោកត្រូវបានគេបញ្ជូនទៅកាន់ភាគឦសានប្រទេសចិន ដើម្បីទទួលការហ្វឹកហ្វឺនជំនាញនៅឯក្រុមហ៊ុនវិស្វកម្មយោធានៃភាគឦសាន ក្នុងខេត្តហៃឡុងជាំង ដែលមានរយៈពេលរហូតដល់ទៅ៨ឆ្នាំឯណោះ។
នៅខែធ្នូ ឆ្នាំ១៩៧៧ លោកបានត្រឡប់មកកាន់ទីក្រុងប៉េកាំងវិញ ដើម្បីទទួលការសិក្សាស្វែងយល់បន្ត នៅឯនាយកដ្ឋានភាសាអាស៊ី និងអាហ្វ្រិក នៃទីក្រុងប៉េកាំង (BISU) ហើយលោកក៏បានបញ្ចប់បរិញ្ញាប័ត្រភាសាជប៉ុន នៅខែកុម្ភៈ ឆ្នាំ១៩៨២ថែមទៀត។ ដោយឡែកភរិយារបស់លោក វ៉ាង យី គឺជាកូនស្រីរបស់លោក Qian Jaidong ដែលជារដ្ឋមន្ត្រីការបរទេសរបស់អតីតរដ្ឋាភិបាលចិនដឹកនាំដោយលោក ជូ អេងឡាយ (Zhou Enlai)។
នៅខែកញ្ញា ឆ្នាំ១៩៨៩ លោក វ៉ាង ត្រូវបានរដ្ឋាភិបាលចិនបញ្ជូនឲ្យទៅធ្វើការងារនៅស្ថានទូតចិនប្រចាំ ទីក្រុងតូក្យូប្រទេសជប៉ុន ដែលមានអាណត្តិ ៥ឆ្នាំ ហើយលោកក៏បានត្រឡប់មកកាន់ប្រទេសចិនវិញ នៅខែមីនា ឆ្នាំ១៩៩៤។ ក្រោយពីធ្វើការបំពេញទស្សនកិច្ច និងសិក្សាបន្ថែមនៅក្រៅប្រទេសរួមទាំង សហរដ្ឋអាមេរិកផងដែរ ពីឆ្នាំ១៩៩៤ ដល់ ១៩៩៩ លោក វ៉ាង ក៏ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសចិននៅខែកុម្ភៈ ឆ្នាំ២០០១។
នៅខែកញ្ញា ឆ្នាំ២០០៤ លោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងតូក្យូ ប្រទេសជប៉ុនតែម្តង ដោយបានកាន់តំណែងរហូតដល់ខែកញ្ញា ឆ្នាំ២០០៧។ នៅខែមិថុនា ឆ្នាំ២០០៨ លោក វ៉ាង យី បានជំនួសតំណែងលោក ជិន យុនលីន ក្លាយជានាយកនៃការិយាល័យកិច្ចការកោះតៃវ៉ាន់ ដែលស្ថិតនៅក្រោមក្រុមប្រឹក្សារដ្ឋនៃសាធាណរដ្ឋប្រជាមានិតចិន។
រហូតមកដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ក្រោយការឡើងកាន់តំណែងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង លោក វ៉ាង ត្រូវបានតែងតាំងជាផ្លូវការ ក្លាយជារដ្ឋមន្ត្រីការបរទេសចិន ដោយមានការគាំទ្រពីសភាប្រជាជនចិន។ ឆ្នាំ២០១៨ លោកទទួលបានមុខងារបន្ថែមជាទីប្រឹក្សារដ្ឋចិន។ លោកក៏ជាសមាជិកគណៈកម្មាធិការ មជ្ឈិមលើកទី១៧ រហូតដល់លើកទី១៩ នៃគណបក្សកុម្មុយនិស្ដចិនផងដែរ។
លោក វ៉ាង មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
នៅក្នុងអំឡុងពេលទស្សនកិច្ចថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ លោក វ៉ាង យី អញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង មានអាហារការងារពេលព្រឹកជាមួយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។ លោកក៏នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយដែលក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ក៏នឹងមានវត្តមានផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ៕