នៅរសៀល ថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងឳកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។
ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងក្លាយជាទីកន្លែងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។ ពហុកីឡដ្ឋានជាតិមរតកតេជោនេះ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ កីឡដ្ឋានលំដាប់អន្តរជាតិនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧ នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង។
ពហុលីឡដ្ឋានជាតិនេះ ក៏ជាកន្លែងសំខាន់មួយសម្រាប់រៀបចំពិព័រណ៍ពាណិជ្ជកម្ម ឬពិព័រណ៍ទេសចរណ៍ផងដែរ ក្រៅពីនោះក៏មានជាសណ្ឋាគារ និងផ្សារដែលសាងសង់ព្រមជាមួយគ្នាទៀតផង ។ តាមរយៈសមិទ្ធផលនៃពហុកីឡាដ្ឋាននេះ នឹងជំរុញការអភិវឌ្ឍវិស័យកីឡា និងវប្បធម៌នៃប្រទេសកម្ពុជា កាន់តែរីកចម្រើន និងល្បីសុះសាយបន្ថែមទៀត ។