ប្រាសាទបាគងមានទីតាំងស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប និងស្ថិតនៅចំកណ្តាលនៃ រាជធានីហរិហរល័យ ស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោ ហើយត្រូវបានកសាងនៅក្នុងរាជកាលព្រះបាទឥន្រ្ទវរ្ម័នទី១ នៅក្នុងឆ្នាំ៨៨១។
ប្រាសាទនេះ ត្រូវបានចាត់ទុកជា ប្រាសាទរាជ សម្រាប់ឧទ្ទិសដល់ព្រះឥសូរ ហើយក៏ឧទ្ទិសដល់អំណាចរបស់ព្រះរាជផ្ទាល់ ហើយនៅពេលព្រះអង្គយាងចូលទីវង្គត ប្រាសាទនេះត្រូវបានប្រើប្រាស់ជាផ្នូររបស់ព្រះអង្គ។ ដូចប្រាសាទលលៃ ប្រាសាទព្រះគោ និង ប្រាសាទព្រៃមន្ទីរ ប្រាសាទបាគងស្ថិតក្នុងក្រុមរលួស តែស្ថិតចំកណ្តាលនៃទីក្រុងអង្គរទី១ ឬហរិហល័យ ដោយមានចម្ងាយប្រមាណជា ១២ គ.ម ពីទីរួមខេត្តសៀមរាបបច្ចុប្បន្ន។
បាគងជាប្រាសាទមុនគេ សាងសង់អំពីថ្មភក់ ហើយតំណាងភ្នំសុមេរុ ព្រោះស្ថិតចំកណ្តាលនៃទីក្រុងហរិហរាល័យ។ ប្រាសាទបាគងគឺជាឈ្មោះថ្មី ដែលត្រូវបានហៅនៅសម័យកណ្តាល។ ប្រាសាទនេះផ្សំពីពាក្យ ប្រាសាទ+បា+គង។ បា មានន័យថា អ្នកគ្រប់គ្រងលោក អ្នកថែរក្សាលោក។ រីឯពាក្យ គង មានន័យថា ជាវត្ថុសម្រាប់បន្លឺសម្លេងឱ្យលាន់លឺរំពងខ្លាំង ហើយត្រូវបានអ្នកមានជំនឿលើអាទិទេព ប្រើប្រាស់ដើម្បីបង្កើតជាសូរសម្លេងដាស់លាន់លឺដល់ពួកអាទិទេពទាំងអស់។
ប្រាសាទបាគង ត្រូវបានជួសជុលឡើងវិញ ដោយអ្នកជំនាញបារាំងកាលពីសម័យអាណានិគម ដោយពីមុនប្រាសាទនេះមានការបាក់បែកយ៉ាងខ្លាំង ហើយកំពូលវិញ មិនមែនស្រួលទៅលើដូចដែលយើងឃើញសព្វថ្ងៃនោះទេ ពោលគឺដួលរលំទាំងស្រុង ហើយគ្របដោយដំបូងធ្វើពីឈើប៉ុណ្ណោះ៕
អត្ថបទ និង រូបភាំពដោយកណ្តាប់ដៃដែក