ប្រាសាទព្រះវិហារបានក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏មានសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិក្រោយពីស្ថាប័នជំនាញពាក់ព័ន្ធក៏ដូចជារាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍនៅតំបន់នេះជាពិសេសក្រោយពីការឈ្លានពានរបស់កងទ័ពថៃមកលើតំបន់ប្រាសាទព្រះវិហារប៉ុន្តែតំបន់ដ៏មានសក្តានុពលនេះក៏បានធ្លាក់ចុះជាបន្តបន្ទាប់ក្រោយពីមានការរាតត្បាតនៃជំងឺកូវីដ១៩។ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិព្រះវិហារបានអះអាងថាដោយសារតែការរាតត្បាតនៃជម្ងឺ Covid-19 រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទការទស្សនាតំបន់រមណីយដ្ឋាននានាជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺដ៏កាចសាហាវមួយនេះហើយលោកជឿជាក់ថានៅពេលបើកឱ្យចូលទស្សនាឡើងវិញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិនឹងធ្វើដំណើរទៅកំសាន្តនៅតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារច្រើនឡើងវិញជាក់ជាមិនខាន។
លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារបានថ្លែងថាចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលបានចូលទស្សនាប្រាសាទព្រះវិហារយៈពេល០៨ខែគឺចាប់ពីខែមករាដល់ខែសីហា មានចំនួន២២ ៨៤០នាក់។ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ មានចំនួន២២៦០២ នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន២៣៨ នាក់។
លោក គង់ ពុទ្ធិការ បញ្ជាក់ថា មកដល់ពេលនេះប្រាសាទព្រះវិហារនៅមិនទាន់បើកឲ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ចូលទស្សនានោះទេដោយសារតែមានសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលបិទតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ហើយប្រហែលជាអាចបើកដំណើរការវិញក្នុងពេលឆាប់ៗខាងមុខ។
លោក គង់ ពុទ្ធិការ ឲ្យដឹងដែរថាក្នុងរយៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះនៅប្រាសាទព្រះវិហារមានទេសចរបរទេសចរណ៍ចូលទស្សនាតិចតួចណាស់ហើយភ្ញៀវដែលចូលទស្សនាប្រាសាទព្រះវិហារមានតែភ្ញៀវទេសចរណ៍ក្នុងស្រុកប៉ុណ្ណោះដែលគាត់ធ្វើដំណើរកម្សាន្តពេលមានបុណ្យទានម្ដងៗ។
សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទព្រះវិហារគឺជាតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌវប្បធម៌និងធម្មជាតិគ្របដណ្ដប់លើផ្ទៃដីជាង២០គីឡូម៉ែត្រស្មើនិង២៣,០០០ហិចតា ដែលជាតំន់មានសក្ដានុពល។ រមណីយដ្ឋាននេះមាន៤កន្លែងសំខាន់ៗដូចជា ទី១. មាន៧ភូមិជាភូមិរណបជុំវិញតំបន់រមណីយដ្ឋាន ទី២. សារមន្ទីរធម្មជាតិមានផ្ទៃដី១៧០ហិចតា ទី៣. តំបន់ការពារព្រៃឈើ ទី៤. ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។
តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារមាន៧ភូមិ ស្ថិតក្នុងឃុំស្រអែម ដែលជាភូមិរណបតំបន់បេតិកភ័ណ្ឌប្រាសាទព្រះវិហាររួមមា ភូមិធម្មជាតិសម្ដេចតេជោ, ភូមិស្រអែមខាងជើង, ភូមិចំបក់សែនជ័យ , ភូមិស្ទឹងខៀវតេជោ, ភូមិគោលប្រាំបី , ភូមិតេជោសែនជ័យ, និងភូមិតេជោបុស្សស្បូវ៕ (មានជ័យ)