បុរសម្នាក់ជាសន្តិសុខយាមអាគារអតីតក្លឹបទ្រូហ្វេស បានបាញ់សម្លាប់គូស្នេហ៍របស់ខ្លួន រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បណ្តាលឱ្យស្លាប់នៅលើគ្រែក្នុងអាគារនោះផ្ទាល់តែម្តង។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចអាគារ២A ជាន់ទី២ បន្ទប់លេខ៣១ ផ្លូវ៩០ កែងនឹងផ្លូវស៊ីសុវត្តិ ក្រុម១៦៣ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពបុរសមានឈ្មោះ ឌុច សុធា មុខងារជាសន្តិសបានប្រើអាវុធខ្លីម៉ាក៥៤បាញ់សម្លាប់នារីជាគូស្នេហ៍ឈ្មោះ ទូច សំអាង អាយុជាង៤០ឆ្នាំមានមុខរបរលក់សាច់គោ និងងៀតក្របី និងជាស្ត្រីមេម៉ាយមានកូនប្រុសស្រីចំនួន៣នាក់ក្នុងបន្ទុក។ ក្នុងករណីនេះបុរសជាគូស្នេហ៍បានបាញ់ស្ត្រីមួយគ្រាប់ចំក្បាល បណ្តាលស្លាប់រួចក៏បាញ់សម្លាប់ខ្លួនឯងតាមក្រោយ ត្រូវចំស្នៀតផ្កាខាងស្តាំមួយគ្រាប់។
គេមិនទាន់ដឹងថា រឿងហេតុខាងលើនេះ បណ្តាលមកពីរឿងអ្វីនៅឡើយទេ រង់ចាំការបញ្ជាក់ពីសមត្ថកិច្ចជំនាញ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រូពេទ្យពិនិត្យសំណាក និងធ្វើកោសល្យវិច័យរួចហើយ នឹងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕