លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថាសមត្ថកិច្ចបានបញ្ជូនមន្ដ្រីនគរបាលដែលបង្កឲ្យមានគ្រោះថ្នាក់ដល់នារីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសម្រាប់នារីរងគ្រោះដែលល្មើសច្បាប់ចរាចរណ៍ ហើយគេចវេសមិនស្ដាប់បញ្ជារបស់មន្ដ្រីនគរបាល ក្នុងការអនុវត្តច្បាប់ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដូចគ្នាផងដែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានសង្កត់ធ្ងន់ថាភាគីទាំង២ គឺត្រូវអនុវត្តច្បាប់ដោយស្មើភាពគ្នា ព្រោះពួកគេបានប្រព្រឹត្តខុសច្បាប់ដូចគ្នា។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៨៖២០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីកើតហិង្សាមួយ រវាងមន្ត្រីនគរបាលខណ្ឌ៧មករាជាមួយនឹងអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូនបានជិះម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយបណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល និងធ្លាក់ពីលើម៉ូតូផងដែរ។
សមត្ថកិច្ចបានឱ្យដឹងថាស្ត្រីជាជនរងគ្រោះក្នុងអំពើហិង្សានេះមានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ។ រីឯអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ។ មន្ត្រីនគរបាលដែលប្រើហិង្សាត្រូវបានគេស្គាល់ថាមានឈ្មោះ ម៉ាត់ ពិសី។
ហេតុការណ៍ហិង្សានេះ នាំឱ្យមានការថ្កោលទោសយ៉ាងខ្លាំង លើមន្ត្រីនគរបាល និងទទូចឱ្យមន្ត្រីនគរបាលអនុវត្តច្បាប់ ដោយក្រមសីលធម៌ បញ្ចៀសនូវការប្រើហិង្សាហើយក៏មានស្នើ ឱ្យមានការចូលរួមគោរព និងអនុវត្តច្បាប់ផងដែរ ចៀងពីការប្រើអំពើហិង្សាណាមួយ៕