ប្រាសាទបន្ទាយសំរែ គឺជាប្រាសាទដ៏ស្អាតមួយ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អង្គរនៃខេត្តសៀមរាប កសាងឡើងដោយមានរចនាប័ទ្ម ស្រដៀងនឹងប្រាសាទអង្គរវត្ត។
បើយោងទៅតាមការតុបតែង និងរចនាប័ទ្មសិល្បៈ ប្រាសាទនេះប្រហែលជាកសាងនៅសតវត្សទី១២ក្នុងអំឡុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ហើយបានបញ្ចប់នៅក្នុងរជ្ជកាលនៃស្ដេចយសោវរ្ម័នទី២ (១១៥០-១១៦៥)។ មិនមានសិលាចារឹកថ្មណា ដែលត្រូវបានគេរកឃើញអំពីប្រាសាទនេះនៅឡើយទេ។
មានអ្នកស្រាវជ្រាវជាច្រើនបានអះអាងអំពីឈ្មោះនៃប្រាសាទ បន្ទាយសំរែនេះ ប៉ុន្តែគ្មាននរណាម្នាក់អាចដឹងច្បាស់អំពីហេតុផលដែលថា ហេតុអ្វីបានជាប្រាសាទនេះទទួលបានឈ្មោះដូចបច្ចុប្បន្នឡើយ។ អ្នកស្រាវជ្រាវខ្លះសន្មតថា ប្រហែលជាមានក្រុមមនុស្សជនជាតិសំរែ រស់នៅក្នុងតំបន់សាងសង់ប្រាសាទ ទើបពួកគេដាក់ឈ្មោះសម្គាល់ប្រាសាទនេះ ដើម្បីឧទ្ទិសដល់ជនជាតិភាគតិចនេះ។
មួយវិញទៀត កាលដើមឡើយ គឺមានជនជាតិសំរែរស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជនទីនេះ មានជីដូនជីតា ជាជនជាតិសំរែ ដែលគេយកមកឲ្យយាមប្រាសាទ ។
ជាពិសេស ពួកសំរែនៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរ ហើយប្រហែលជាមាន អ្វីមួយនៅបន្ទាយសំរែនេះ។
អ្វីដែលចម្លែកជាងនេះទៀតគឺថា ប្រាសាទនេះមានតម្កល់ប្រអប់ថ្មមួយមានរាងដូចក្ដារមឈូសនៅចំកណ្ដាលប្រាសាទ។
មឈូសថ្មមានរូបរាងដូចគ្នាទៅនឹងមឈូសថ្មដែលរកឃើញនៅកណ្ដាលប្រាសាទអង្គរវត្ត។
វត្តមានរបស់មឈូសធ្វើអំពីថ្ម បានអោយអ្នកស្រាវជ្រាវសន្និដ្ឋានថាប្រាសាទបន្ទាយសំរែ គឺជាកន្លែងបញ្ចុះព្រះអដ្ឋិធាតុរាជវង្សានុវង្សខ្មែរនាសម័យមហានគរ ប៉ុន្តែគ្មានភស្តុតាងច្បាស់លាស់ណាមួយនៅឡើយ៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក