អគ្គនាយកដ្ឋានអន្តោប្រវេសន៍អោយដឹងថាយើងបានត្រៀមការមកដល់របស់ជនភៀសខ្លួនអាហ្វហ្គានីស្ថានសម្រាប់មកស្នាក់បណ្តោះអាសន្នមុនទៅប្រទេសទី៣ ដោយអនុវត្តតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថាន មិនលេីសពី៣០០នាក់ ប៉ុន្តែមិនទាន់បានដឹងកាលបរិច្ឆេទថ្ងៃមកដល់ទេ ។
លោកឧត្តមសេនីយ៍ឯក កែវ វណ្ណថន អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានផ្ដល់ព័ត៌មានឱ្យដឹងថាការប្រតិបត្តិតាមសេចក្ដីសម្រេចរាជរដ្ឋាភិបាលនេះ រួមទាំងការត្រៀមផ្តល់ទិដ្ឋាការនៅពេលមកដល់ និងការរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នត្រូវបានរៀបចំ ។
សូមបញ្ជាក់ថាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពទទួលយកជនភៀសខ្លួន អាហ្វហ្កានីស្ថាន ចំនួន ៣០០ នាក់ ឱ្យស្នាក់នៅបណ្តោះអាសន្ន មុននឹងឆ្ពោះទៅកាន់ប្រទេសទី៣ តបតាមការស្នើសុំរបស់អង្គការ The Asia Foundation ប្រចាំកម្ពុជាយោងតាមសំណើរបស់អង្គការ The Asia Foundation ផ្ញើជូនក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ២៨ ខែសីហាកន្លងទៅ ជនភៀសខ្លួនទាំងនោះ គឺជាបុគ្គលិកអង្គការ The Asia Foundation ប្រចាំ ប្រទេសអាហ្វហ្កានីស្ថាន និងក្រុមគ្រួសាររបស់ពួកគេ។
ការសម្រេចទទួកយកជនភៀសខ្លួនអាហ្គានីស្ថានឱ្យមកស្នាក់នៅបណ្ដោះអាសន្នលើទឹកដីកម្ពុជានេះ ត្រូវបានគេចាត់ទុកជាកាយវិការមនុស្សធម៌ដ៏គួរឱ្យស្ញប់ស្ញែងមួយរបស់កម្ពុជាផងដែរ៕