ថ្ងៃនេះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទាំងអស់នឹងបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញចាប់ពីថ្ងៃ១៥ខែកញ្ញានេះតទៅ ។
អភិបាលរាជធានីបានបញ្ចាក់ថា ការបើកគ្រឹះស្ថានសិក្សាអោយសិស្សានុសនុសិស្សបានចូលរៀនឡើងវិញនេះលុះត្រាតែគ្រឹះស្ថានទាំងនោះបានបំពេញលក្ខខណ្ឌតិកៈគ្រប់គ្រាន់របស់ក្រសួងសុខាភិបាលដែលជឿបានថាមិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ហើយបានបំពេញលក្ខខណ្ឌតិកៈគ្រប់គ្រាន់ទាំងអនាម័យ បរិស្ថានល្អ ។
ទន្ទឹមនឹងនេះឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវសហការជាមួយមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញដើម្បីធ្វើតេស្តិ៍រហ័សទៅលើគ្រូបង្រៀនបុគ្គលិកសិក្សាទាំងអស់ដោយត្រូវចាប់ផ្ដើមអនុវត្តការងារនេះចាប់ពីថ្ងៃស្អែកទី ១០ខែកញ្ញានេះតទៅ ។ បើអនុវត្តបតាមលក្ខខណ្ឌតិកៈបានល្អប្រសើរហើយនោះគ្រឹះស្ថានសិក្សានោះនឹងដំណើរការសិក្សាឡើងវិញបាន។
ឯកឧត្តមបញ្ជាក់ផងដែរថាចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់គឺត្រូវធ្វើពាក្យស្នើសុំបើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញមករដ្ឋបាលរាជធានីភ្នំពេញហើយក្រោយពីរដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថាបានបំពេញនូវលក្ខខណ្ឌតិកៈដែលរដ្ឋបាលរាជធានីភ្នំពេញជំរុញឲ្យអនុវត្តបានល្អប្រសើរហើយនោះគ្រឹះស្ថានទាំងនោះនឹងទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញដើម្បីឲ្យបើកដំណើរការសិក្សាជាធម្មតាឡើងវិញ ។
ឯកឧត្តមអភិបាលបានបន្តទៀតថាការបើកសាលារៀននេះគឺជាជំហានដំបូងមួយនៃការបើកឲ្យដំណើរការឡើងវិញនូវវិស័យផ្សេងៗទៀតមានន័យថាបើការបើកឲ្យដំណើរការការសិក្សាតាមគ្រឹះស្ថានអប់រំទាំងអស់ដំណើរការល្អហើយនោះយើងក៏នឹងអាចបន្តបើកឡើងវិញនូវវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀតផងដែរ ៕