គណបក្សប្រឆាំងថៃ មានគំរោងនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំង នឹងនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីរបស់គាត់ជាច្រើននាក់ទៀត បន្ទាប់ពីមានការបោះឆ្នោតមិនទុកចិត្តចំពោះរដ្ឋាភិបាល។ ប្រធានគណបក្សប្រឆាំង លោក Sutin Klungsang បាននិយាយថា គណបក្ស៦ នឹងចាត់វិធានការតាមផ្លូវច្បាប់ នេះបើតាមកាសែតបាងកកប៉ុស្ត៍។
កាលពីអាទិត្យមុន មានការពិភាក្សារដេញដោលអំពីការមិនទុកចិត្ត ដែលសំដៅទៅលើលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ អូចា និងរដ្ឋមន្រ្តី៥រូបដែលមាន រដ្ឋមន្ត្រី ក្រសួង សុខាភិបាល, កសិកម្ម, ដឹកជញ្ជូន, ការងារ និងសេដ្ឋកិច្ច។
មេគណបក្សប្រឆាំងលោក Sutin បានថ្លែងថា លោកមានការពេញចិត្តចំពោះការបំពេញការងាររបស់សមាជិកគណបក្សប្រឆាំង ក្នុងការដេញដោលរដ្ឋាភិបាលកាលពីសម័យប្រជុំសភាលើកមុន ទោះបីជា លោកនាយករដ្ឋមន្រ្តីទទួលបានការគាំទ្រ ក្នុងការបោះឆ្នោតមិនទុកចិត្តក៏ដោយ។
សមាជិកសភាម្នាក់មកពីគណបក្ស ភឿថៃ បាននិយាយថា លោកនាយករដ្ឋមន្រ្តី បានផ្តល់ថវិការ ៥លានបាត សំរាប់ទិញសមាជិកសភាម្នាក់ៗ ដែលគាំទ្រលោកដើម្បីជីវិតនយោបាយ។ គណបក្សកា់ន់អំណាច កំពុងពិចារណារប្តឹងទៅតុលាការចំពោះការចោទប្រកាន់នេះ៕