គ្រូពេទ្យចិត្តសាស្ត្រ បាននិយាយថា សំណួរដែល ឪពុកម្តាយតែងតែចោទសួរជាញឹកញាប់គឺ តើចំណុចខ្លាំងអ្វីខ្លះដែលខ្ញុំគួរតែបង្រៀនកូនខ្ញុំ?
មានវិធីជាច្រើន ក្នុងការបង្ហាត់បង្រៀនកូនរបស់អ្នក ប៉ុន្តែវីធីដែលពិតជាអាចជួយឱ្យពួកគេក្លាយជាមនុស្សល្អ និងអាចឆ្លងកាត់ឧបសគ្គលំបាក ក្នុងជីវិតដោយខ្លួនឯងបាន នោះគឺសុខភាពផ្លូវចិត្ត។
សុខភាពផ្លូវចិត្ត ទាមទារឱ្យអ្នកយកចិត្តទុកដាក់លើកូនរបស់អ្នកលើរឿងបីយ៉ាងនេះ៖ របៀបគិត អារម្មណ៍និងសកម្មភាពរបស់ពួកគេ។ ការគិតប្រកបដោយចំណេះដឹង មានអារម្មណ៍ស្រស់ថ្លា និងមានភាពក្លាហាន ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់កូនអ្នកមានការរីកចំរើនល្អ។ ជាការពិតណាស់ អ្នកត្រូវបង្ហាត់បង្រៀនកូនរបស់លោកអ្នក ដោយមានភាពអត់ធ្មត់បំផុត រហូតដល់ក្លាយជាទំលាប់របស់អ្នក។
ប៉ុន្តែដោយសង្កេតឃើញថាយុវជនជាច្រើន អាចទទួលបានសុខភាពផ្លូវចិត្តល្អ អាស្រ័យទៅតាមកាលៈទេសៈផ្សេងៗគ្នា។ នេះគឺជារឿង ៧ យ៉ាងដែលក្មេងៗ ដែលមានស្មារតីរឹងមាំតែងតែធ្វើ និងវិធីបង្រៀនកូនរបស់អ្នក៖
1. ផ្តល់អំណាចដល់ខ្លួនឯង
ប្រសិនបើកូនរបស់អ្នកនិយាយថា “ មិត្តរបស់ខ្ញុំទទួលបានពិន្ទុខ្ពស់ជាងខ្ញំុ ដែលធ្វើឱ្យខ្ញុំបន្ទោសពីសមត្ថភាពខ្លួនឯង និងស្អប់ខ្លួនឯង ” ធ្វើដូចនេះ ពួកគេបាន ផ្តល់អំណាចដល់អ្នកដទៃជាជាងខ្លួនឯង។
ប៉ុន្តែក្មេងៗដែលមានជំនឿចិត្តលើខ្លួនឯង មិនដែលពឹងផ្អែកលើអ្នកដទៃដើម្បី ធ្វើអោយគេសប្បាយចិត្តនោះទេ។ ឧទាហរណ៍ ពួកគេនឹងជ្រើសរើស ធ្វើអោយអារម្មណ៏របស់ពួកគេ ស្រស់ស្រាយ ទោះបីអ្នកផ្សេងជួបរឿងមិនល្អ ឬព្យាយាមធ្វើអោយពួកគេខឹងក៏ដោយ។
បង្កើតឃ្លាប្រយោគ ដើម្បីលើកទឹកចិត្តដល់កូនរបស់អ្នក៖
អ្នកត្រូវបង្រៀនកូនរបស់អ្នក ពីឃ្លាប្រយោគដើម្បីលើកទឹកចិត្តដល់ខ្លួនឯង។ ប្រើពាក្យពេចន៏ ដែលបង្ហាញថា ពួកគេទទួលខុសត្រូវពីអ្វីដែលពួកគេបានគិត មានអារម្មណ៏ និងអាកប្បកិរិយារបស់ពួកគេ។
វាជាវិធីសាស្រ្ត ដែលជួយបំបាត់នូវគំនិតអវិជ្ជមាន នៅក្នុងខួរក្បាលរបស់ពួកគេ ដែលអ្នកដទៃព្យាយាមធ្វើអោយពួកគេ គិតថាគេគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើអ្វីមួយបានជោគជ័យ។ ប្រយោគដែលមានប្រសិទ្ធភាពបំផុត ខ្លីហើយងាយស្រួលចងចាំមានដូចជា៖
“ អ្វីដែលខ្ញុំអាចធ្វើបាន គឺព្យាយាមឱ្យអស់ពីសមត្ថភាព ”
“ ត្រូវមានទំនុកចិត្តលើខ្លួនឯង ”
“ ខ្ញុំល្អគ្រប់គ្រាន់ហើយ ”
“ ខ្ញុំជ្រើសរើសយកការសប្បាយចិត្តក្នុងថ្ងៃនេះ”
2. អាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ
មិនថាពួកគេ ផ្លាស់ប្តូរទៅសាលាថ្មីឬ មិនអាចលេងជាមួយមិត្តភក្តិក្នុងកំឡុងពេលមានជំងឺរាតត្បាត គឺជារឿងពិបាកបំផុតសម្រាប់ក្មេង។ កូនរបស់អ្នក ប្រាកដជា មានអារម្មណ៏នឹកដល់ការសប្បាយ ដែលធ្លាប់មានមុនពេលជំងឺ Covid 19 ឬ មានការព្រួយបារម្ភថាអ្វីដែលកំពុងកើតឡើងអាចធ្វើឱ្យជីវិតរបស់ពួកគេកាន់តែអាក្រក់ទៅៗ។
ប៉ុន្តែក្មេងដែលមានស្មារតីរឹងមាំ យល់ថាការផ្លាស់ប្តូរអាចជួយឱ្យ ពួកគេក្លាយជាមនុស្សម្នាក់ដែលរឹងមាំជាងមុន។ មនុស្សម្នាក់ៗ ត្រូវតែកត់ចំណាំពីអារម្មណ៏របស់ខ្លួនឯង ប៉ុន្តែជាអកុសល យើងភាគច្រើនមិនចំណាយពេលក្នុងការគិតពីអារម្មណ៍របស់យើងទេ។
ដូច្នេះនៅពេលកូនរបស់អ្នក ប្រឈមមុខនឹងការផ្លាស់ប្តូរដែលកើតមានក្នុងជីវិតរបស់ពួកគេ អ្នកត្រូវអោយគេនិយាយពីអារម្មណ៏របស់ពួកគេ អោយអ្នកស្តាប់អោយបានលំអិត។ សំខាន់ជាងនេះទៅទៀត អ្នកត្រូវជួយពួកគេក្នុងការប្រើពាក្យអោយបានត្រឹមត្រូវ ដើម្បីពណ៌នាពីអារម្មណ៏របស់ពួកគេ។ (ឧទាហរណ៍ សោកសៅ សប្បាយ ខកចិត្ត រឺ ភិតភ័យជាដើម) ។
3. ពួកគេដឹងថាពេលណាត្រូវនិយាយថាទេ
មនុស្សគ្រប់គ្នា ហាក់បីដូចជាពិបាកក្នុងការនិយាយបដិសេធ ឬបង្ហាញពីអារម្មណ៍របស់ពួកគេនៅពេលខ្លះ។ ប៉ុន្តែក្នុងស្ថានភាពខ្លះ ការជ្រើសរើសនិយាយថា ទេ ធ្វើឱ្យអ្នកកាន់តែរឹងមាំ។
ជារឿយៗ ក្មេងៗពិបាកនិយាយថា ទេ ពីព្រោះវាអាចមានអារម្មណ៍ឆ្គង និងចំលែក។ ទោះយ៉ាងណាក៏ដោយ ពួកគេត្រូវមានភាពក្លាហានដើម្បីនិយាយ វាឱ្យបានញឹកញាប់ ពួកគេនឹងដឹងថា ការនិយាយបដិសេធលើរឿងអ្វីមួយវាពិតជាការងាយស្រួលទេ។ វាក៏ជួយកាត់បន្ថយភាពតានតឹង ក្នុងការធ្វើអ្វីមួយដែលពួកគេមិនចង់ធ្វើ។
សាកល្បងតេស្ត “ពីការបោះបង់អ្វីមួយ”៖
នៅពេលកូនរបស់អ្នកប្រឈមមុខ នឹងការសម្រេចចិត្តថា ត្រូវទទួលយកអ្វីមួយឬអត់ សូមសួរពួកគេថា តើពួកគេនឹងត្រូវបោះបង់អ្វី ប្រសិនបើពួកគេឆ្លើយថាយល់ព្រម? ឧទាហរណ៍ នៅពេលកូនរបស់អ្នក យល់ព្រម ទៅកម្មវិធីណាត់ជួបនៅផ្ទះមិត្តភក្តិរបស់ពួកគេ មានន័យថា ពួកគេបានលះបង់ពេលវេលាចំណាយជាមួយបងប្អូន។
សួរពួកគេ៖ “តើកូនសុខចិត្តលះបង់រឿងនេះទេ?” ប្រសិនបើពួកគេសម្រេចចិត្តថា ពួកគេមិនចង់ សូមនិយាយថាទេ។ ប្រសិនបើពួកគេសម្រេចចិត្តហើយៗ សូមនិយាយថា បាទ ឬ ចាស។
បង្រៀនពួកគេដើម្បីអោយមានភាពក្លាហានក្នុងការនិយាយថា ទេ ដោយរកវិធីសមស្របដូចជា៖
“ ទេ ខ្ញុំមិនអាចទេ ” (មិនចាំបាច់ផ្តល់ហេតុផលទេ)។
“ អរគុណច្រើនដែលបានអញ្ជើញខ្ញុំ ប៉ុន្តែខ្ញុំមានគម្រោងផ្សេងទៀត ”
“ ខ្ញុំត្រូវពិនិត្យមុន ឬគិតសិន ហើយចាំទាក់ទងទៅអ្នកវិញ ” (ប្រើវា ប្រសិនបើពួកគេត្រូវការពេលខ្លះដើម្បីគិតអំពីវា។)
“ ខ្ញុំពិតជាមិនមានអារម្មណ៍ថា ចង់ធ្វើវានៅថ្ងៃនេះទេ ប៉ុន្តែខ្ញុំអរគុណដែលបានសួរ ”
4. ពួកគេត្រូវទទួលស្គាល់នូវ កំហុសដែលពួកគេបានធ្វើ
ជារឿយៗ ក្មេងៗតែងតែចូលចិត្តលាក់បាំងកំហុសរបស់ពួកគេ ព្រោះពួកគេមិនចង់អោយមានបញ្ហា ដូចជាពួកគេភ្លេចធ្វើកិច្ចការផ្ទះរបស់ពួកគេ ឬចៃដន្យធ្វើអោយបែកថូជាដើម។
ការទទួលស្គាល់នៅកំហុសដែលពួកគេបានធ្វើ ពិតជាធ្វើអោយពួកគេមានចរិតលក្ខណៈល្អ។ ក្មេងៗដែលមានភាពក្លាហានគ្រប់គ្រាន់ ក្នុងការទទួលស្គាល់នូវអ្វីដែលពួកគេបានធ្វើខុស តែងតែរៀបចំស្មារតីទុកជាមុន ថានិងមានអ្វីនឹងអាចកើតឡើងបន្ទាប់ពីធ្វើរឿងនេះ។
ពួកគេនឹងសុំទោសហើយរកវិធីដើម្បីចៀសវាងកុំឱ្យមានកំហុសដដែលៗនេះម្តងទៀត។
បង្កើតបរិយាកាស ដើម្បីអោយកូនរបស់អ្នកមានសណ្តាប់ធ្នាប់ល្អ៖
ប្រសិនបើកូនរបស់អ្នកជាមនុស្សដែលគ្មានសណ្តាប់ធ្នាប់ ពួកគេនឹងតែងតែភ្លេចកិច្ចការសាលាដែលគ្រូបានដាក់អោយ។ នៅពេលកូនរបស់អ្នកធ្វើអ្វីមួយដែលខុស សូមរំលឹកពួកគេថា ពួកគេអាចកែប្រែ និងសិក្សាពីកំហុសរបស់ពួកគេ ដោយមិនអោយកំហុសមួយនេះកើតឡើងម្តងទៀត។
ឧទាហរណ៍ ពួកគេត្រូវធ្វើកិច្ចការសាលាភ្លាមៗ នៅពេលដែលពួកគេទទួលបានពីគ្រូ ឬ យកចំណីអាហារដែលបណ្តាលអោយប៉ះពាល់សុខភាពអោយឆ្ងាយពីដៃពួកគេ។
៥. ពួកគេអបអរនឹងភាពជោគជ័យរបស់អ្នកដទៃ
វាជារឿងធម្មតាទេ ដែលក្មេងៗមានអារម្មណ៍ច្រណែន នៅពេលដែលមិត្តភក្តិរបស់គេទទួលបានប្រដាប់លេងថ្មី ឬនៅពេលដែលក្រុមផ្សេងទៀតឈ្នះការប្រកួតជាដើម។ ប៉ុន្តែការមានអារម្មណ៍ច្រណែន ចំពោះអ្នកផ្សេងគ្រាន់តែធ្វើឱ្យពួកគេឈឺចាប់តែម្នាក់ឯងប៉ុណ្ណោះ។ អ្នកជាម្តាយ ឬឪពុក ត្រូវលើកទឹកចិត្តកូនរបស់អ្នក អោយចេះអបអរជាមួយអ្នកដទៃនៅពេល ដែលគេល្អជាងខ្លួន។
ក្មេងៗដែលមានស្មារតីរឹងមាំ តែងតែគាំទ្រដល់មិត្តភក្ដិរបស់ពួកគេ ហើយពួកគេនឹងពង្រឹងសមត្ថភាពអោយកាន់តែរឹងមាំជាជាងអង្គុយតែច្រណែនអ្នកដទៃ។
ធ្វើដូចមនុស្ស ដែលកូនអ្នកចង់ក្លាយជា៖
អ្នកត្រូវឱ្យកូនរបស់អ្នក និយាយពីមនុស្សម្នាក់ ដែលពួកគេកោតសរសើរពីចរិតលក្ខណៈរបស់មនុស្សម្នាក់នោះ។ ពួកគេអាច ចង់មានទំនុកចិត្ត ដូចបងស្រីរបស់ពួកគេ ឬ ជាមនុស្សដែលមានសុទិដ្ឋិនិយមដូចគ្រូរបស់ពួកគេ។ លើកទឹកចិត្ត អោយពួកគេយកតំរូ តាមសកម្មភាពដែលល្អពីមនុស្សដែលគេបានលើកតម្កើង។
នេះមិនមានន័យថា ពួកគេគួរតែធ្វើអ្វីដែលមិនមែនជាខ្លួនគេនោះទេ តែមានន័យថាគួរតែយកតំរូតាម បើពួកគេគិតថាល្អ។ ជាធម្មតានៅពេលដែលយើងមានអារម្មណ៍ថា យើងល្អគ្រប់គ្រាន់ នោះយើងនិងអបអរសាទរចំពោះភាពជោគជ័យរបស់អ្នកដទៃជាក់ជាពុំខាន។
6. ពួកគេបរាជ័យ ... ហើយព្យាយាមម្តងទៀត
បរាជ័យធ្វើឱ្យយើងឈឺចាប់ ខ្មាស់អៀន ខកចិត្តនិងមានកំហឹង។ ប៉ុន្តែប្រវត្តិមនុស្សដែលជោគជ័យមួយចំនួន តែងតែជួបប្រទះ និងភាពបរាជ័យរាប់មិនអស់ តែពួកគេបានកែប្រែភាពបរាជ័យ ដើម្បីទទួលបានជោគជ័យ។
ក្មេងៗដែលមានអាកប្បកិរិយាល្អនៅពេលអនាគត តែងតែស្វែងយល់ពីអ្វីដែលធ្លាប់ធ្វើខុស និងវិធីដែលអាចដោះស្រាយវាបាន។ ពួកគេជាមនុស្សដែលមានគំនិតចង់រីកចំរើន ដែលជាហេតុជួយឱ្យពួកគេប្រែក្លាយ ការបរាជ័យទៅជាបទពិសោធន៍ និងកែប្រែវាដើម្បីទទួលបានជោគជ័យ។
ចងចាំមនុស្សជោគជ័យ ដែលធ្លាប់បរាជ័យ៖
អ្នកជំនាញបានរកឃើញថាក្មេងៗ នឹងមានគំនិតល្អប្រសើរជាងមុន នៅពេលពួកគេដឹងថា រឿងជោគជ័យជាច្រើនចាប់ផ្តើមពីភាពបរាជ័យ។
នៅពេលណាមួយ កូនរបស់អ្នកមានអារម្មណ៍មិនសប្បាយចិត្ត ដោយសារតែពួកគេធ្វើរឿងណាមួយបរាជ័យ សូមលើកឡើងពីមនុស្សជោគជ័យដែលធ្លាប់មានកំហុសស្រដៀងគ្នា ដូចជា ថូម៉ាសអេឌីសុន។ អេឌីសុនជាអ្នកបង្កើតអំពូលភ្លើង និងរបស់របរអស្ចារ្យផ្សេងៗទៀតជាច្រើន ប៉ុន្តែគាត់ក៏មានធ្លាប់ឆ្លងកាត់ភាពបរាជ័យជាច្រើនដែរ។
នោះនឹងធ្វើឱ្យកូនរបស់អ្នក មានទំនុកចិត្តលើខ្លួនឯង ហើយពួកគេនឹងដឹងថា ពេលដែលពួកគេទទួលបានពិន្ទុខ្សោយក្នុងខែណាមួយ មិនមានន័យថា ពួកគេរៀនមិនចេះខាងផ្នែកវិទ្យាសាស្រ្តនោះទេ។
7. ពួកគេចេះតស៊ូ
អ្នកពិតជាត្រូវការពេលវេលាយូរបន្តិច ដើម្បីសំរេចបានអ្វីមួយ ឬពេលដែលអ្នកមានអារម្មណ៍ថា ការទទួលជោគជ័យពិតជាពិបាក ពេលនោះហើយដែល ខួរក្បាលរបស់អ្នកព្យាយាមបញ្ចុះបញ្ចូលអ្នកឱ្យបោះបង់វាចោល។
ក្មេងៗដែលមានស្មារតីរឹងមាំ នឹងតស៊ូប្រឹងប្រែងគ្រប់ឧបសគ្គ ទោះបីមិនទទួលបានផលភ្លាមៗក៏ដោយ។ នៅពេលមួយ ដែលពួកគេទទួលជោគជ័យ ពេលនោះ គេនឹងដឹងថាពួកគេមានភាពរឹងមាំជាងពីមុន។
សរសេរប្រយោគ៖ ឱ្យកូនរបស់អ្នកសរសេរប្រយោគ ដែលពោរពេញទៅដោយពាក្យសប្បុរស និងការលើកទឹកចិត្តចំពោះខ្លួនឯង។
ពួកគេ អាចសរសេរ ជាប្រយោគវែង ឬខ្លី និងសាមញ្ញ ដែលនិយាយថា “ ខ្ញុំដឹងថាអ្វីៗពិបាក ប៉ុន្តែអ្នកអាចធ្វើវាបាន ព្រោះអ្នកបានសំរេចគោលដៅលំបាកពីមុនរួចហើយ។ ហើយអ្នកអាចធ្វើវាម្តងទៀត ឲ្យប្រសើរជាងមុន ”
នៅពេលដែលកូនរបស់អ្នក មានអារម្មណ៍ថា ចង់បោះបង់ និងបាក់ទឹកចិត្ត សូមប្រាប់កូនរបស់អ្នក ឱ្យទៅមើលប្រយោគដែលបានសរសេរនោះឡើងវិញ។ វាជា ការជំរុញ និងលើកទឹកចិត្តអោយពួកគេឆ្ពោះទៅមុខជានិច្ច៕
អត្ថបទដកស្រង់ពី Amy Morin
បកប្រែ និងកែសម្រួលដោយ កញ្ញា ឆេងមួយ