តំបន់អនាធិបតេយ្យតូចចង្អៀតមួយមានមនុស្សប្រមាណជាង ១០ម៉ឺននាក់រស់នៅមានឈ្មោះថាKong Toei ដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាងកក ដែលជាទីកន្លែងរស់នៅបែបអនាធិបតេយ្យដ៏ធំមួយធ្វើអោយរដ្ឋាភិបាល ត្រូវតែមានវិធានការជាបន្ទាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី ៣ នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងប្រទេស ពិសេសតំបន់ដែលខ្វះការប្រុងប្រយត្ន័និងគ្មានការគោរពវិធានការសុខាភិបាល ។
ភាគច្រើននៃប្រជាជនក្នុងតំបន់នេះ មានគ្រួសារមួយចំនួនមានចំណូលមិនលើសពី ១៥០ដុល្លារឡើយក្នុងមួយខែ ដែលជាហេតុផលសំខាន់បំផុតមួយដែលប្រជាជនក្នុងប្លុកខាងលើ គ្មានលទ្ធភាពក្នុងការចំណាយលើការទិញឧបករណ៍តេស្តរកកូវីដ-១៩ ដោយខ្លួនឯងបាន។
កាលពីពេលថ្មីៗនេះអង្គការសប្បុរសធម៌មួយបានបើកការធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំដើម្បីព្យាយាមស្វែងរកបុគ្គលដែលមានវិជ្ជមានកូវីដ-១៩ ក្នុងសហគមន៍ ក្នុងគោលដៅបញ្ចៀសតំបន់នេះកុំឱ្យក្លាយជាទីតាំងនៃការឆ្លងរោគកូវីដជាពិសេសក្រុងបាងកកទាំងមូល។ ជាលទ្ធផលកន្លងមកមានអ្នកធ្វើតេស្តប្រមាណជា ១,០០០នាក់នៃយុទ្ធនាការដំបូង ក្រុមការងារបានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ប្រមាណ ៥០នាក់ទៅហើយ។
លោក Friso Poldervaart សហស្ថាបនិកនៃអង្គការសប្បុរសធម៌មួយបានលើកឡើងពីស្ថានភាពក្នុងតំបន់នេះថា ចំនួនមនុស្សរស់នៅក្នុងតំបន់នេះមានភាពកុះករខ្លាំង ជាក់ស្តែងគ្រួសារខ្លះមានគ្នាច្រើនជាង ១០នាក់ ដែលរស់នៅក្នុងផ្ទះមានទំហំត្រឹមតែ ២០ម៉ែត្រការ៉េប៉ុណ្ណោះ។ យោងតាមភាពជាក់ស្តែងនេះ ប្រាកដណាស់ថាបើមានបុគ្គលម្នាក់វិជ្ជមាន អ្នកផ្សេងៗទៀតក៏ជៀសពីការឆ្លងមិនរួចដែរ ។
គួរបញ្ចាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនូវវីរុសកូវីដ-១៩ទ្រង់ទ្រាយធំនៅខែមេសាឆ្នាំ២០២១មកប្រទេសថៃមានអត្រាអ្នកឆ្លងប្រមាណ ១,៣លាននាក់ ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១៣,០០០នាក់ទៅហើយ៕