នៅក្នុងដំណើរទស្សនៈកិច្ចកម្ពុជាពេលខាងមុខនេះ លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន នឹងធ្វើពិធីប្រគល់ពហុកីឡដ្ឋានជាតិមរតេជោឱ្យកម្ពុជា។ នេះបើតាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មាន។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានឱ្យដឹងថានៅក្នុងឱកាសបំពេញទស្សនកិច្ចកម្ពុជាខាងមុខនេះ រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមពិធីប្រកាសទទួល និងប្រគល់ពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី១២ កញ្ញាឆ្នាំ២០២១ ។
សូមបញ្ចាក់ថាពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ដែលមានកញ្ចប់ថវិកាចំណាយសាងសង់ប្រមាណជិត២០០លានដុល្លារអាមេរិក ហើយថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនចំពោះកម្ពុជា ។
យោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិន CGTN ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីកាបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជានៅអំឡុងចុងសប្ដាហ៍នេះ។
បើតាមCGTN បណ្ដាប្រទេសដែលប្រមុខការទូតចិននឹងទស្សនកិច្ចបន្តបន្ទាប់ជាមួយកម្ពុជាពីថ្ងៃទី១០ ដល់១៥ កញ្ញានោះ វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឯកឧត្តម កុយ គួង បញ្ជាក់ខ្លីថា ក្រសួងកាបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចេញសេចក្ដីប្រកាសព័ត៌មានឆាប់ៗនេះអំពីទស្សនកិច្ចលោកវ៉ាង យី នៅព្រះរាជាណាចក្រកម្ពុជា ។