មេដឹកនាំ រដ្ឋប្រហារយោធា នៅ ហ្គីណេ បានសន្យាថា នឹងរៀបចំរដ្ឋាភិបាលឯកភាពជាតិបណ្តោះអាសន្នមួយ បន្ទាប់ពីបានបណ្តេញលោកប្រធានាធិបតី Alpha Conde ចេញពីអំណាច និងរំលាយគណរដ្ឋមន្រ្តី។
រដ្ឋប្រហារកាលពីថ្ងៃអាទិត្យ បានចាប់ឃុំខ្លួនលោកប្រធានាធិបតី ព្រមទាំងមន្រ្តីសំខាន់ៗមួយចំនួន ដែលនេះគឺជារដ្ឋប្រហារលើកទី3ហើយ ចាប់តាំងពីទសវត្យរ៍ឆ្នាំ90 ដែលធ្វើឲ្យមានការព្រួយបារម្ភថា ប្រទេសនៅប៉ែកអាហ្រ្វិកខាងលិចមួយនេះ អាចនឹងធ្លាក់ចុះទៅក្នុងការគ្រប់គ្រងរបស់យោធា។
ការចាប់យកអំណាចតាមបែបរដ្ឋប្រហារនេះ បានបណ្តាលឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិពាសពេញពិភពលោក ព្រមទាំងមានការដាក់សម្ពាធទៅលើមេដឹកនាំរដ្ឋប្រហារឲ្យរៀបចំផែនការ វិលត្រឡប់មករកភាពប្រក្រតីឡើងវិញ ដើម្បីធានានូវទំនុកចិត្តរបស់វិនិយោគិន និងការនាំចេញមិនត្រូវបានកាត់ផ្តាច់។
នៅក្នុងកិច្ចប្រជុំជាមួយអតីតរដ្ឋមន្រ្តី និងមន្រ្តីរបស់លោកប្រធានាធិបតី Alpha Conde មេដឹកនាំរដ្ឋប្រហារ Mamady Doumbouya បានថ្លែងថា យើងនឹងរៀបចំនិងអនុវត្តន៍នូវរចនាសម្ព័ន្ធដ៏ធំមួយសំរាប់អន្តរកាល ដែលនោះគឺជា រដ្ឋាភិបាលឯកភាពជាតិមួយ នឹងលេចចេញជារូបរាងឡើង ដែលនឺងឈានទៅរកការគ្រប់គ្រងសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍។
សូមជំរាបផងដែរ UN, រុស្សី, ចិន, អាមេរិក និងសហភាពសហព័ន្ធអាហ្វ្រិក មិនគាំទ្រ ព្រមទាំងថ្កោលទោសចំពោះរដ្ឋប្រហារនេះ៕