(កាប៊ុល) ស្រ្តីមួយក្រុម ដែលក្រាបចុះទៅនឹងដី នៅតាមវិថីក្នុងទីក្រុងកាប៊ុល ហើយលាក់ខ្លួន នៅពេលដែលសមាជិកក្រុមតាលីបង់បាញ់ឡើងលើ ដើម្បីបំបែកហ្វូងរបស់ពួកគេ ជាច្រើនរយនាក់។
ស្រ្តីម្នាក់ក្នុងចំណោមពួកគេ និយាយយ៉ាងញាប់នៅពេលដែល អ្នកាន់ម៉ាស៊ីនថត ថតរូបគាត់ «ពួកនេះ (តាលីបង់) អយុត្តិធម៌ណាស់ ពួកគេមិនមែនជាមនុស្សទេ» នាងបានបន្ថែមទៀតថា «ពួកគេមិនបានផ្តល់សិទ្ធឲ្យយើងធ្វើការតវ៉ា ពួកគេមិនមែនជាមូស្លីមទេ ជាពួកព្រៃ» ។
ការបាញ់រះបានបន្តធ្វើឲ្យមានការច្របូកច្របល់ តែពុំមានសេចក្តីរាយការណ៍ថា មានរងរបួសឬស្លាប់នោះ អ្នកថតវីឌីអូដែលនៅតាមដងផ្លូវបានប្រើទូរស័ព្ទដៃដើម្បីថតយកព្រឹត្តិកាណ៍នោះ។
ក្រុមតាលីបង់បានសុំឲ្យអ្នកតវ៉ាមានការអត់ធ្មត់បន្តិច ដើម្បីរៀបចំរដ្ឋាភិបាល ហើយគេនឹងខិតខំដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ ឥឡូវនេះរដ្ឋាភិបាលចេញជារូបរាងហើយ មន្រ្តីតាលីបង់បានថ្លែងទៅកាន់ក្រុមអ្នកតវ៉ា។
ពេលនេះក្រុមតាលីបង់បាននិយាយថា គេមានការយោគយល់អធ្យាស្រ័យច្រើន។ គួររំលឹកផងដែរថា កាលពីបានកាន់អំណាចនៅឆ្នាំ 1996-2001 ពួកតាលីបង់មិនបានអនុញ្ញាតិឲ្យស្រ្តីចេញទៅធើ្វការ ឬទៅសាលារៀនទេ អ្នកណារំលោភច្បាប់របស់គេ នឹងត្រូវសម្លាប់នៅមុខសាធារណជន៕