ពួកតាលីបង់បានបាញ់ឡើងទៅលើអាកាសដើម្បីបំបែកហ្វូងអ្នកតវ៉ាដែលបានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងប៉ាគីស្ថាននៅក្នុងទីក្រុងកាប៊ុល នេះគឺជាការតវ៉ាចុងក្រោយមួយ ចាប់តាំពីពួកតាលីបង់បានចូលកាន់កាប់អំណាច ។ពួកតាលីបង់មិនទាន់បានប្រកាសរដ្ឋាភិបាលនៅឡើយ ប៉ុន្តែប្រជាពលរដ្ឋអាហ្វហ្គានីស្ថាន មានការព្រួយបារម្ភអំពីការវិលត្រឡប់មកវិញនូវអំពើព្រៃផ្សៃដែលក្រុមនេះបានគ្រប់គ្រងអំណាចកាលពីឆ្នាំ1996 ដល់2001 ទើបបានជាមានការតវ៉ាជាទ្រង់ទ្រាយតូច នៅតាមទីក្រុង កាប៊ុល ហេរ៉ាត និង Mazah-l-sharif។
កាលពីថ្ងៃអង្គារ៍ យ៉ាងហោចណាស់ក៏មានមនុស្ស 70 នាក់ ភាគច្រើនជាស្រ្តី បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតប៉ាគីស្ថាន ដៃកាន់បដារនិងស្រែកប្រឆាំងទៅនឹងអ្វីដែលគេហៅថាជាការលូកដៃចូលក្នុងអាហ្វហ្គានីស្ថានដោយទីក្រុង អ៊ីស្លាម៉ាបាដ ដែលធ្លាប់បានទទួលរងនូវការចោទប្រកាន់ថាមានចំណងទាក់ទងយ៉ាងជិតស្និទជាមួយពួកតាលីបង់។
ប្រធានចារកម្មប៉ាគីស្ថានលោកFaiz Hameed បានស្ថិតនៅក្នុងទីក្រុងកាប៊ុលកាលពីចុងសប្តាហ៍ ត្រូវបានគេរាយការណ៍ថាបានទទួលរបាយការណ៍ពីឯកអគ្គរាជទូតរបស់ខ្លួន ព្រមទាំងបានជួបជាមួយមេដឹកនាំតាលីបង់ផងដែរ។ការតវ៉ាប្រឆាំងនេះបានកើតមានឡើងក្រោយពីពួកតាលីបង់បានប្រកាសថាគេបានទទួលជោគជ័យទាំងស្រុងទូទាំងប្រទេសហើយ។