លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៏កម្ពុជាបានអះអាងថា ប្រទេសកម្ពុជា គឺជាប្រទេសទីពីរបន្ទាប់ពីសិង្ហបុរី ដែលបានចាក់វ៉ាក់សាំងបានលឿនជាងគេ ក្នុងចំណោមបណ្តាប្រទេសទាំងអស់នៅក្នុងអាស៊ាន ដូច្នេះជាឱកាសមាស ឱកាសប្រាក់ ដែលយើងត្រូវទូងស្គរទៅកាន់ពិភពលោកថា កម្ពុជា គឺជាគោលដៅទេសចរណ៍ ដ៏មានសុវត្ថិភាព។
ការលើកឡើងរបស់ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៏កម្ពុជារូបនេះបានធ្វើឡើង បន្ទាប់ពីបានមើលឃើញថា យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅទូទាំងប្រទេស ប្រព្រឹត្តិទៅយ៉ាងរលូន ហើយលឿនជាងការគ្រោងទុក ដែលជារហូតមកដល់ពេលនេះបានជាង៩៦ ភាគរយនៃផែនការទៅហើយ។
ទាក់ទងបញ្ហានេះ លោកស្រី ឆាយ ស៊ីវលីន បានថ្លែងថា ក្រសួងទេសចរណ៍មានគម្រោងបើកឲ្យដំណើរការ វិស័យទេសចរណ៏ឡើងវិញ នៅត្រីមាសទី៤ ឆ្នាំ២០២១នេះ ហើយលោកស្រីចង់ឲ្យរាជរដ្ឋាភិបាលគាំទ្រលើផែនការរបស់ក្រសួងទេសចរណ៍នេះផងដែរ ដោយសំអាងថា អាជីវកម្មទេសចរណ៍មិនអាចពន្យាពេលបានទៀតទេ ហើយបើនៅតែបិទទ្វាតទៅទៀត នឹងជួបវិបត្តិសេដ្ឋកិច្ច។
អ្វីជាករណីពិសេសទៀតនោះ លោកស្រីចង់ឱ្យយប់ឱកាសនេះ ដើម្បីទូងស្គរទៅកាន់ពិភពលោកថា កម្ពុជាយើងជាប្រទេស ដែលបានត្រៀមខ្លួនរួចរាល់ក្នុងការស្ដារឡើងវិញនៅវិស័យទេសចរណ៍ ពីព្រោះរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ក៏ដូចជាពន្លឿនក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយជាលទ្ធផល កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសទាំងអស់នៅក្នុងអាស៊ាន បន្ទាប់ពីសិង្ហបុរី គឺមានតែប្រទេសកម្ពុជាទេ “ដូច្នេះយើងយកឱកាសនេះ ដើម្បីផ្សព្វផ្សាយទៅលើពិភពលោកថា កម្ពុជាបានពន្លឿនការចាក់សាំង ដើម្បីត្រៀមខ្លួនបើកទេសចរណ៍ឡើងវិញ”។
លោកស្រី ឆាយ ស៊ីវលីន អះអាងថា បើយើងផ្សព្វផ្សាយ ឬទូងស្គរទៅកាន់ពិភពលោកនាពេលនេះ កម្ពុជាយើងមានឱកាសច្រើន ហើយក៏មិនចាំបាច់ប្រើលុយច្រើនដែរ។ ពីព្រោះពិភពលោកពេលនេះកំពុងស្ងប់ស្ងាត់ ហើយប្រសិនបើរង់ចាំរហូតទៅដល់ប្រទេសផ្សេងៗ គេចាប់ផ្ដើមបើកវិញ ដូច្នេះការផ្សព្វផ្សាយរបស់យើងមិនអាចជោគជ័យទេ ទោះបីចាយលុយច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចឈ្នះប្រទេសគេដែលមានការរីកចម្រើនបានដែរ។ លោកស្រីបញ្ជាក់ថា “នេះគឺជាឱកាសមាសឱកាសប្រាក់ ដែលត្រូវតែទូងស្គរទៅកាន់ពិភពលោក ក៏ដូចជាបញ្ជូនសារទៅកាន់ពិភពលោកថា កម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព ដោយកម្ពុជាបានត្រៀមខ្លួនរួចហើយ”។
លោកស្រីសម្ដែងការជឿជាក់ថា នៅពេលដែលពិភពលោកទទួលបានព័ត៌មាននេះ និងដាក់ចូលនៅក្នុងផែនការ នៃការធ្វើដំណើររបស់ពួកគេ បើទោះបីជាយើងប្រកាសភ្លាម មិនមានភ្ញៀវចូលមកភ្លាមក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ គឺជាសារដែលត្រូវបានគេដាក់បញ្ចូលនៅក្នុងផែនការរបស់គេ ដោយសារតែគេបានឮ បានដឹងមុនគេ។
សូមបញ្ជាក់ថា របាយការណ៏ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅទូទាំងប្រទេសបានបង្ហាញថា គិតត្រឹមយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានចំនួន១១,២៩១,៤៦៥នាក់ ដែលចំនួននេះ បើប្រៀបធៀបគោលដៅ១០លាននាក់ គឺបានចំនួន៩៦.០៩ ភាគរយ ដែលជាចំនួនមួយច្រើលើសលប់ បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង ក៏ដូចជាបណ្តាប្រទេសក្នុងអាស៊ាន។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានចាប់ផ្តើមចាក់ដូសជំរុញ ឬដូសទី៣ជាបណ្តើរៗផងដែរ៕ (មានជ័យ)