រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាបានអំពាវនាវនិងប្រកាសនូវអ្វីដែលគេហៅថា សង្រ្គាមការពារពលរដ្ឋ ដើម្បីប្រឆាំងទៅនឹងរដ្ឋាភិបាលយោធាភូមា ដែលបានចាប់យកអំណាចតាមរយៈការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី1 ខែកុម្ភះ។
លោក Duwa Lashi La ប្រធានាធិបតីស្តីទី នៃរដ្ឋាភិបាលឯកភាពជាតិ (NUG) ដែលបង្កើតឡើងដោយសមាជិកសភា ដែលត្រូវគេដកចេញពីតំណែង តាមរយៈការធ្វើរដ្ឋប្រហារ បានប្រកាសតាមវីឌីអូក្នុង Facebook កាលពីថ្ងៃអង្គារ។
លោកបាននិយាយថា “ ជាមួយនឹងការទទួលខុសត្រូវក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ រដ្ឋាភិបាលឯកភាពជាតិបានបង្កើតឲ្យមានសង្រ្គាមការពារប្រជាពលរដ្ឋ ដើម្បីប្រឆាំងនឹងរបបយោធាភូមា " នេះជាបដិវត្តិន៍មួយដែល ពលរដ្ឋទាំងអស់នៅគ្រប់ច្រកល្ហកទូទាំងប្រទេសត្រូវតែក្រោកឈរឡើង។
ការប្រឹងប្រែងខាងការទូតរបស់អាស៊ាន ក៏ដូចជាការដាក់ទណ្ឌកម្មពីក្រុមបស្ចឹមប្រទេស ដើម្បីរំងាប់នូវភាពចលាចលបានទទួលនូវការបរាជ័យ។
គួររំលឹកផងដែរថា ក្រោយពីមានការធ្វើរដ្ឋប្រហារការប៉ះទង្គិចរវាងពួកយោធា និងអ្នកតវ៉ាបានបណ្តាលឲ្យមានអ្នកស្លាប់ជិត 1ពាន់នាក់ រងរបួស និងបាត់ខ្លួនជាច្រើន ព្រមទាំងមានការចាប់ខ្លួនជាច្រើនពាន់នាក់ ដែលក្នុងនោះមានទាំងមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ អ្នកស្រី អូង សានស៊ូជី និងមេដឹកនាំជាន់ខ្ពស់ដ៏ទៃទៀតផង៕