គេបានដឹងហើយថាលោក ស៊ូហ្គា យូស៊ីហ៊ីដេ នឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) ដែលនឹងធ្វើនៅចុងខែកញ្ញានេះឡើយ។ នេះក៏មានន័យថា លោក បោះបង់តំណែងនាយករដ្ឋមន្ត្រីនៅពេលនោះផងដែរ។ តើនរណានឹងក្លាយជាប្រធានបក្សថ្មី ហើយបន្តអង្គុយកៅអីនាយករដ្ឋមន្រ្តីជំនួសលោក ស៊ូហ្គា ?
កាន់តំណែងជានាយករដ្ឋមន្ត្រីទើបបានមួយឆ្នាំសោះ លោក ស៊ូហ្គា យូស៊ីហ៊ីដេបានសម្រេចចិត្តមិនចូលរួមប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យ និងបោះបង់តំែណងជារបស់នាយករដ្ឋមន្ត្រីជប៉ុនទៀត។ ការប្រកាសរបស់លោក ស៊ូហ្កាធ្វើឡើងស្របពេលដែលប្រជាប្រិយភាពរបស់រដ្ឋាភិបាលលោកធ្លាក់ចុះខ្លាំង ដោយសារពលរដ្ឋជប៉ុនមិនពេញចិត្តនឹងសមត្ថភាពឆ្លើយតប និងគ្រប់គ្រងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលនេះ។
មកទល់ពេលនេះ មានតែលោក ហ្វូមីអូ គីស៊ីដា ម្នាក់ប៉ុណ្ណោះដែលប្រកាសចូលរួមជាផ្លូវការការបោះឆ្នោតប្រធានបក្ស LDP ដែលធ្វើនៅថ្ងៃ២៩ ខែកញ្ញា។ ឥស្សរជន៤រូបផ្សេងទៀតដែលត្រូវមើលឃើញថាជាបេក្ខជនសក្ដិសមដែរ តែមិនទាន់ប្រកាសចូលរួមនៅឡើយទេ ។
ខាងក្រោមជាសមាសភាពនិងបេក្ខភាពអនាគតនាយករដ្ឋមន្ត្រីជប៉ុន៖
⁃ លោក គីស៊ីដា វ័យ៦៤ឆ្នាំ ជាអតីតរដ្ឋមន្រ្តីការបរទេសក្នុងរដ្ឋាភិបាលលោក អាបេ ស៊ិនហ្សូ ។ លោក ធ្លាប់ចូលប្រជែងតំណែងប្រធានបក្សកាលពីខែកញ្ញា ឆ្នាំ២០២០ ម្ដងហើយ តែទទួលបានគាំទ្រតិចជាងលោក ស៊ូហ្កា ។ ជាសមាជិកសភាខេត្តហ៊ីរ៉ូស៊ីម៉ា លោក គីស៊ីដា ក៏ជាបេក្ខជនដែលលោក អាបេ ពេញចិត្តផងដែរ។ លោកជាអ្នកនយោបាយមិនប្រកាន់តឹង ស្ងប់ស្ងាត់ មិនសូវចេញមុខឡើយ ហើយខ្វះប្រជាប្រិយភាពក្នុងចំណោមសមាជិកបក្ស។
⁃ លោក កូណូ ជាអតីតរដ្ឋមន្រ្តីការបរទេស និងការពារជាតិក្នុងរដ្ឋបាលលោក អាបេ ផងដែរ។ បច្ចុប្បន្នលោក កូណូ ជារដ្ឋមន្រ្តីកំណែទម្រង់រដ្ឋបាល និងទទួលបន្ទុកកម្មវិធីចាក់វ៉ាក់សាំងផងដែរ។ ក្នុងវ័យ៥៨ឆ្នាំ លោក កូណូ ជាអ្នកនយោបាយមានគំនិតឯករាជ្យ កំណែទម្រង់ និងមានមហិច្ឆតាម្នាក់ផងដែរ។ ប៉ុន្តែមួយរយៈចុងក្រោយ លោក មិនសូវបញ្ចេញមតិខ្លាំងដូចមុនឡើយ។
⁃ ជាអតីតរដ្ឋមន្រ្តីការពារជាតិ លោក អ៊ីស៊ីបា ជាមន្រ្តីដែលមានទំនោរខ្លាំងទៅរកកិច្ចការយោធា។ លោករងការបរាជ័យម្ដងហើយក្នុងការប្រជែងកៅអីប្រធានបក្សកាលពីការបោះឆ្នោតឆ្នាំ២០២០ ដែលលោក ស៊ូហ្កា ជាអ្នកឈ្នះ។ លោកមានប្រជាប្រិយភាពខ្ពស់ក្នុងចំណោមសាធារណជនជប៉ុន ប៉ុន្តែជំហររបស់លោកមិនសូវស្របគ្នានឹងមេដឹកនាំបក្សឯទៀតឡើយ។ លោក អ៊ីស៊ីបា នេះហើយដែលតែងរិះគន់លោក អាបេ មិនដាច់ពីមាត់។
⁃ លោកស្រី តាកាអ៊ិឈិ ស្ថិតក្នុងចំណោមស្ត្រីតិចតួចដែលលេខមុខក្នុងឆាកនយោបាយជប៉ុន។ លោកស្រី ជាមនុស្សជាតិនិយមជ្រុល ហើយតែមានវត្តមានជាញឹកញាប់នៅវិហារយ៉ាស៊ូគីនី។ មានវ័យ៦០ឆ្នាំ លោកស្រីធ្លាប់ជារដ្ឋមន្រ្តីគមនាគមន៍ និងកិច្ចការផ្ទៃក្នុង។