មានករណីអគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅជាន់ទី១៧ នៃខុនដូយីហោ លីហ៊ួតខុនដូ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១១១ កែង២៤២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។
តាមការស្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះអាចបណ្តាលមកពី ភ្ញៀវបរទេសដែលស្នាក់នៅជាន់ទី១៧ខាងលើ ជក់បារី រួចបោះកន្ទុយបារីចោល។ គួរបញ្ចាក់ថាម្ចាស់បន្ទប់នេះមានអ្នករស់នៅចំនួន២នាក់ ចំណែកសម្ភារទាំងប៉ុន្មានក្នុងបន្ទប់ខុនដូបន្ទប់កេីតហេតុនេះត្រូវបានឆាបឆេះទាំងអស់ប៉ុន្តែ មិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។
នៅក្នុងករណីអគ្គីភ័យខាងលើនេះ ភ្នាក់ងារពន្លត់អគ្គីភ័យ បានប្រើប្រាស់រថយន្តរបស់ការិយាល័យពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាច្រើនគ្រឿង និងបានធ្វើការបាញ់ពន្លត់ឱ្យរលត់ទាំងស្រុងនៅម៉ោង៦ព្រឹក ថ្ងៃទី៥ ខែកញ្ញានេះ ។