សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលទើបទទួលបាននៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១នេះ បានឲ្យដឹងថាបានសម្រេចបិទការឡើងចុះទស្សនា តាមផ្នែកខាងលិច នៃប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវណអតីតព្រះរាជវាំងក្រុងអង្គរធំជាបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល ក្រោយពីពិនិត្យឃើញ មានការទ្រុឌទ្រោមជៀសវាងមានបញ្ហាដល់ភ្ញៀវទេសចរ។
អាជ្ញាធរជាតិអប្សរាដែលផ្ញើជូនអ្នកពាក់ព័ន្ធបានឲ្យដឹងថា បច្ចុប្បន្នប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវេណអតីតព្រះរាជវាំងក្រុងអង្គរធំ កំពុងមានសភាពទ្រុឌទ្រោម ប្រឈមហានិភ័យខ្ពស់ដោយសារកត្តាអាយុកាល និងធម្មជាតិ។ ដោយសង្កេតឃើញពីបញ្ហាចំពោះមុខនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បាននឹងកំពុងសិក្សាលើចំណុចប្រឈមនានា ដើម្បីលើកគម្រោងសម្រាប់ការងារជួសជុលបន្ទាន់។
ក្នុងន័យដើម្បី សម្រួលការងារនេះ ក៏ដូចជា ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ អាជ្ញាធរជាតិអប្សរា សម្រេចបិទការឡើងចុះទស្សនាប្រាសាទភិមានអាកាស តាមច្រកផ្នែកខាងលិច ជាបណ្តោះអាសន្ន គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១តទៅ រហូតដល់ការដ្ឋានត្រូវបានជួសជុលរួចរាល់។
ចំពោះបញ្ហានេះលោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងប្រាប់ អ្នកសារព័ត៌មានថា ការជួសជុលនេះធ្វើឡើងដោយក្រុមអ្នកជំនាញ ចិននៅក្នុងក្របខណ្ឌអាយស៊ីស៊ី-អង្គរ ICC-Angkor (គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ) ដោយប្រើប្រាស់អ្នកបច្ចេកទេសកម្ពុជា។
លោកបញ្ជាក់ថា ការសម្រេចជួសជុលនេះ ដោយសាតែប្រាសាទនេះ មានបញ្ហាទ្រុឌទ្រោមយ៉ាងខ្លាំង ហើយមានហាភ័យខ្ពស់ ដោយកន្លងមក ធ្លាប់ធ្លាក់ថ្ម និងមានបញ្ហាជាច្រើនទៀត ហើយកិច្ចសហប្រតិបត្តិការជាមួយខាងចិននេះបានចុះហត្ថលេខារួចហើយ។
សូមបញ្ជាក់ថា ប្រាសាទភិមានអាកាសមានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកអង្គរធំ ខេត្តសៀមរាប។ តាមសិលាចារឹកប្រាសាទនេះ មានឈ្មោះដើមថា ហេមស្រឹង្គគិរី ជាភាសាបាលី ឬសំស្រ្តឹតដែលមានន័យថា ភ្នំស្នែងមាស បានផ្តើមស្ថាបនាឡើងនៅដើមសតវត្សរ៍ទី៩-១១ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) (តាមសិលាចារឹកលេខ K-២៩១)។ បន្តរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) បន្ថែមដោយព្រះបាទជ័យវរ្ម័នទី៥ (៩៦៨-១០០១) (តាមសិលាចារឹកលេខ K-៥៣៤)៕
អត្ថបទ និងរូបភាពដោយ មានជ័យ