ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមួយគ្រួសារអះអាងថាពួកគាត់គ្រាន់តែចង់ធ្វើបុណ្យដោយចាក់ដី ដាក់លូពង្រីកផ្លូវ តែត្រូវបានព្រះគ្រូចៅអធិការវត្តពោធិ៍រៀងនិងប្រជាពលរដ្ឋមួយចំនួនរារាំង ដោយបារម្ភខ្លាចពួកគាត់យកដីចំណីមកកាន់កាប់តែពួកគាត់សូមឆ្លើយបំភ្លឺតាមសារព័ត៌មានឲ្យសាវាធារណជនជ្រាបថាគាត់គ្មានបំណងចង់រំលោភឬកាន់កាប់ដីរដ្ឋនោះទេ។
នៅពីរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១នេះ ក្រុមការងារ Beetube News បានចុះមកទីតាំងផ្ទាល់ នៅវត្តពោធិ៍រៀង ភូមិពោធិ៍រៀង ឃុំអូរប្រាសាទស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីមានករណីថា អ្នកស្រី ពយ សាវ័ន្ត អាយុ៥១ឆ្នាំរស់នៅភូមិឃុំដូចដែលបានរៀបរាប់ខាងលើ ថាគាត់ចង់បានដីរដ្ឋតែអ្នកស្រី បានបញ្ជាក់ប្រាប់ក្រុមការងារ Beetube News យើងឲ្យដឹងថា៖មូលហេតុដែលផ្ដើមចេញជាទំនាស់រហូតដល់មានប្រជាពលរដ្ឋមួយចំនួនបានមករារាំងទប់ស្កាត់រូបអ្នកស្រីមិនឱ្យចាក់ដីដាក់លូនិងចំណុចខាងលើនេះគឺដោយសារតែ ព្រះគ្រូចៅអធិការវត្តពោធិ៍រៀងនេះបារម្ភខ្លាចគ្រួសារអ្នកស្រីរំលោភកាន់កាប់លើដីចំណីដីរដ្ឋដែលជាដីវត្តនោះ។ ក្នុងនោះដែរក៏មានប្រជាពលរដ្ឋមួយចំនួនក៏បានជំទាស់ផងដែរ។
អ្នកស្រីបន្តឲ្យក្រុមការងារ Beetube News ដឹងថា ការចាក់ដីនេះ គឺអ្នកស្រីមិនមានបំណងកាន់កាប់ដីចំណីផ្លូវ និងដីរដ្ឋនោះទេ។ គឺគ្រាន់តែចង់ពង្រីកផ្លូវដើម្បីឱ្យមានភាពងាយស្រួលក្នុងការដឹកជញ្ជូនសម្ភារៈសម្រាប់ចាក់លូដូចជាខ្សាច់ថ្មដែកស៊ីម៉ង់ជាដើម។
ព្រោះតែផ្លូវនេះមានលក្ខណៈតូចចង្អៀតពិបាកក្នុងការដឹកឥវ៉ាន់ ឬសម្ភារៈចេញចូលប៉ុណ្ណោះ។
ហើយការចាក់ដីនេះទៀតសោត គឺអ្នកស្រីបានសុំច្បាប់ពីអាជ្ញាធរភូមិឃុំហើយ ដោយមានការអនុញ្ញាតទើបអ្នកស្រីហ៊ានចាក់ដីនិងដាក់លូ ដើម្បីសម្រួលទឹកកុំឲ្យស្ទះដោយចំណាយថវិកាផ្ទាល់ខ្លួនតែម្តង។ដោយគោលបំណងចង់សម្រួលការចេញចូល និងធ្វើបុណ្យទានផងដោយអ្នកស្រីអះអាងថាចាក់ដីបំពេញក្រឡុកប្រឡាយនោះសម្រាប់ឲ្យប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទមកវត្តបានចតរថយន្តស្រួល។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ដែរ លោក កងថេង អនុប្រធានភូមិពោធិ៍រៀង បានឲ្យដឹងថាតាមពិតទៅលោកមានការសប្បាយរីករាយចិត្តយ៉ាងខ្លាំងដោយសារតែបានអ្នកស្រីអ្នក ពយ សាវ័ន្តចាក់ដីពង្រីកផ្លូវដាក់លូលុបក្រឡុកដោយចំណាយថវិការបស់គាត់យ៉ាងសន្ធឹកសន្ធាប់ដែលអាជ្ញាធរក៏ពិបាក នឹងរកលុយដើម្បីពង្រីកផ្លូវនេះដែរហើយការចាក់លុបនេះគឺមានការព្រមព្រៀងពី អាជ្ញាធរភូមិ និងឃុំផងដែរ។
លោកបញ្ជាក់ថាកន្លងមកដោយសារតែផ្លូវមានលក្ខណៈតូចហើយបង្កជាគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ប្រឡាយជាញឹកញាប់ក្នុងការចាក់ដីពង្រីកផ្លូវនេះក៏មានការសាទរពីប្រជាពលរដ្ឋមួយចំនួនតែពលរដ្ឋមួយចំនួនទៀតមានការជំទាស់ដោយខ្លាចស្ទះទឹកទើបមានការរារាំង។
ហើយអ្វីដែលគួរឱ្យសោកស្ដាយនោះគឺប្រជាពលរដ្ឋខាងលើសំណូមពរឲ្យអ្នកស្រីពយ សាវ័ន្ត កាយដីនោះចេញដោយរក្សាទុកប្រឡាយក្រឡុកដូចដើមវិញ។ ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន ក៏ដូចជា លោកអនុប្រធានភូមិ មានការខកចិត្តយ៉ាងខ្លាំង។ ព្រោះតែកន្លងមកដោយសារតែមានក្រឡុកបែបនេះហើយបានជាបង្កឱ្យគ្រោះថ្នាក់ណាមួយផ្លូវក៏តូចពិបាកជៀសគ្នា។
តែចំពោះយោបល់របស់លោកអនុប្រធានភូមិយល់ឃើញថា អ្នកស្រី ពយ សាវ័ន្ត បានសន្យានឹងដាក់លូខ្នាតធំ មិនឱ្យមានការស្ទះទឹកនោះឡើយ។ ហើយម្យ៉ាងវិញទៀតគាត់ក៏បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរឃុំថា និងមិនរំលោភយកដីចំណីផ្លូវដែលបានចាក់នោះទេ សូមព្រះគ្រូចៅអធិការនិងប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះបញ្ហានេះ៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក