រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង្ស ជួនណារ៉ុន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ១ បើកឲ្យដំណើការសាលារៀនឡើងវិញនៅគ្រប់កម្រិត តាមក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យទាប ប៉ុន្តែត្រូវអនុវត្តវិធានសុខាភិបាលជាចាំបាច់។
ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឡើងក្រោយពីមានសេចក្តីណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកសាលារៀនឡើងវិញនៅតំបន់មួយចំនួន ដែលមិនមានការឆ្លងជំងឺកូវីដ-១៩។
បើតាមសេចក្តីណែនាំនោះ លោក ហង្ស ជួនណារ៉ុន បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃផ្អាកដំណើរការគ្រឹះស្ថានសិក្សាដោយសារព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ គ្រឹះស្ថានសិក្សាបានដំណើរការបង្រៀន និងរៀនពីចំណាយតាមគ្រប់រូបភាពក្នុងនោះក៏មានការបង្រៀន និងរៀនតាមបណ្ដុំដែលជាការមករៀនជុំគ្នាទ្រង់ទ្រាយតូច រវាងគ្រូបង្រៀន និងសិស្សនៅទីកន្លែងដែលមានសុវត្ថិភាព។
លោក ហង្ស ជួនណារ៉ុន បន្តថាដើម្បីធានា បាននូវការបន្តការសិក្សារបស់សិស្សានុសិស្ស និងនិស្សិត ចាប់ពីខែកញ្ញារហូតដល់បិទបញ្ចប់ឆ្នាំសិក្សា២០២០-២០២១ នៅខែវិច្ឆិកាខាងមុខ និងដើម្បីរៀបចំការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន អាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ អាស្រ័យលើស្ថានភាពធនធាន និងការកែច្នៃប្រឌិតរបស់គណៈគ្រប់គ្រង នៅភូមិសាស្ត្រដែលធានាថា មិនមានការឆ្លងជំងឺកូវីដ១៩ នៅតាមបណ្ដារាជធានីខេត្ត មួយចំនួន ឬយ៉ាងហោចណាស់ ការរៀនជាបណ្ដុំចំនួនតិចជាង១៥ នាក់ នៅតាមថ្នាក់រៀន នៅតាមក្រុង ស្រុក ខណ្ឌ ដែលគ្មានការឆ្លងជំងឺនេះ។
តាមសេចក្តីណែនាំនោះ ក្រសួងបានបញ្ជាក់ថា “បើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានី ខេត្ត ត្រូវធ្វើការវាយតម្លៃ ស្ថានភាពជាក់ស្ដែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា”។
សូមបញ្ជាក់ថា កាលពីព្រឹកមិញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍តាមរយៈសារជាសំឡេង ដោយណែនាំឲ្យរដ្ឋមន្រ្តីក្រសួងអប់រំធ្វើការពិភាក្សាជាមួយអាជ្ញាធររាជធានីខេត្ត ដើម្បីបើកសាលា រៀនឡើងវិញនៅតំបន់មួយចំនួន ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ ដើម្បីឱ្យកុមារបានចូលសិក្សាឡើងវិញ តែត្រូវរក្សាគម្លាសុវត្ថិភាព និងវិធានការសុខាភិបាលនានា បើមិនដូច្នេះទេ កុមារនឹងក្លាយជាជនរងគ្រោះ ខណៈដែលទីតាំងរបស់ពួកគាត់មិនមានការឆ្លង។
សេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ដោយលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជាបានបញ្ជាក់ថា ជាការប្រណៃណាស់ដែលសម្តេចនាយករដ្ឋមន្រ្តី សម្រេចបែបនេះ ពីព្រោះថា មានតំបន់មួយចំនួននៃខេត្តខ្លះ អត់មានឆ្លងកូវីដទេ ដូច្នេះគួរតែបើកឡើងវិញ ដើម្បីឲ្យសិស្សតាមជនបទ និងតាមទីប្រជុំជនមួយចំនួន បានចូលរៀនវិញ៕
អត្ថបទ និងរូបភាពដោយ មានជ័យ