យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣០ ខែសីហានេះ បានអោយដឹងថា ក្រសួងសុខាភិបាល នឹងអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជន ដែលមានច្បាប់អនុញ្ញាតពីក្រសួង មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយគោរពតាមលក្ខខណ្ឌចាំបាច់ "គឺក្រសួងនឹងអនុញ្ញាតឲ្យសេវាសុខាភិបាលឯកជនណាដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល មានសិទ្ធិផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ដោយត្រូវគោរពតាមលក្ខខណ្ឌចាំបាច់"។
លក្ខខណ្ឌចាំបាច់ទាំងនោះ ដូចជា ៖ មូលដ្ឋានសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរ-សម្រាកព្យាបាល)។ ត្រូវមានគ្រូពេទ្យ និងបុគ្គលិកបានបណ្តុះបណ្តាលត្រឹមត្រូវសម្រាប់ផ្តល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលតាមផ្ទះ ពីក្រុមគ្រូបង្គោលថ្នាក់ជាតិនៃក្រសួងសុខាភិបាល។ ក្រុមគ្រូពេទ្យទាំងនេះ ត្រូវបានចាត់ ដោយឡែកពីក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺធម្មតា ហើយក្រុមគ្រូពេទ្យទាំងនេះត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ បន្ទាប់ពីបានថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩។
ជាមួយគ្នាននោះ ត្រូវត្រៀមទុកជាមុន ក្នុងករណីជំងឺវិវត្តន៍ធ្ងន់ធ្ងរ ដោយធានាឲ្យមានប្រព័ន្ធបញ្ជូនជំងឺតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ពីផ្ទះទៅសេវាសុខាភិបាលឯកជនដែលមានច្បាប់អនុញ្ញាតឲ្យផ្តល់សេវាថែទាំព្យាបាលអ្នកជំងឺកូវដ-១៩ ឬសេវា សាធារណៈ ដែលមានព្យាបាលកូវីដ-១៩។ ការផ្ដល់សេវាថែទាំ ព្យាបាលអ្នកជំងឺកូវដ-១៩ កម្រិតស្រាលនៅតាមផ្ទះ ត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ចៅសង្កាត់ ឬមេឃុំ និងមន្ត្រីសុខាភិបាលនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដែលអ្នកជំងឺតាំងនៅ៕