ខេត្តបន្ទាយមានជ័យ៖ តាមការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋស្ថិតក្នុងភូមិ អន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានប្រាប់ដល់ក្រុមការងារ BeeTube News ថា ÷ ប្រជាពលរដ្ឋអបអរសាទរសប្បាយចិត្តឥតឧបមាក្រោយពីសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត សម្រេចយកថវិកាមូលនិធិសង្កាត់កសាងស្ថាបនាផ្លូវបេតុងចម្ងាយ ៨០០ម៉ែត្រ ដោយចំណាយថវិកាមូលនិធិសង្កាត់និមិត្ត ចំនួន២ឆ្នាំ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ ថ្វីត្បិតតែការស្ថាបនាផ្លូវបេតុងមួយខ្សែនោះមិនបាន១០០% នៃប្រវែងសរុប ក៏ប្រជាពលរដ្ឋមានសេចក្តីសោមនស្ស រីករាយ នូវការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង សង្កាត់ បានដោះស្រាយជូនពលរដ្ឋដែរ។
ប៉ុន្តែផ្ទុយទៅវិញ ភាពរីករាយសាទររបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លង់ស្វាយ ក៏ដូចជាប្រជាពលរដ្ឋដែលប្រើប្រាស់កំណាត់ផ្លូវបេតុង ខាងលើមិនបានប៉ុន្មានផង ក៏ត្រូវរលាយសាបសូន្យ និងខកបំណងជាខ្លាំង ដោយសារតែក្រុមហ៊ុនឡានដឹកដីរបស់លោក តាន់ គឹមហួត ទៅវិញ។
យោងតាមសម្តីរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ អន្លង់ស្វាយ សង្កាត់និមិត្ត បានត្អូញត្អែរ ប្រាប់ដល់ក្រុមការងារ BeeTube News បន្តទៀតថា ÷ ក្រុមហ៊ុនដឹកដី តាន់ គឹមហួត នេះបង្កបញ្ហាដល់ពលរដ្ឋជាច្រើន ដូចជាសព្វថ្ងៃពួកគាត់ពិបាកក្នុងការធ្វើដំណើរណាស់ ហុយដីមើលផ្លូវមិនឃើញ ហុយចូលពេញក្នុងផ្ទះ ពិបាកក្នុងការទទួលទានអាហារ និងបណ្តាលអោយផ្លូវមួយខ្សែនេះខូចខាតខ្លាំងទៀតផង។ ប្រជាពលរដ្ឋព្យាយាមប្រាប់ទៅអាជ្ញាធរភូមិដែរ ហើយមេភូមិក៏បានណែនាំខាងតំណាងក្រុមហ៊ុន ឱ្យជួយស្រោចទឹកជាប្រចាំផង ព្រោះប្រជាពលរដ្ឋត្អូញត្អែរណាស់ តែដូចជាគ្មានចម្លើយសោះ។
សរុបសេចក្តីមក ពីមួយថ្ងៃទៅមួយថ្ងៃ បញ្ហាចេះតែកើនឡើង ផ្លូវបេតុងក៏បែកបាក់ខូចខាត លែងជាផ្លូវបេតុងទៅជាផ្លូវដីទៅវិញ។ រថយន្តដឹកដីម្តងៗ ធ្លាក់អាចម៍ដីលើផ្លូវរដិបរដុប ហើយហុយណាស់ ពេលភ្លៀងធ្លាក់វិញរអិលក៏រអិល ប្រជាពលរដ្ឋដែលធ្វើដំណើរតាមកំណាត់ផ្លូវនេះពិបាកក្នុងការធ្វើដំណើរណាស់។
យោងតាមសម្តី លោកមេភូមិ អន្លង់ស្វាយ លោកបានបញ្ជាក់ថា ទុក្ខកង្វល់ប្រជាពលរដ្ឋបញ្ហាកំណាត់ផ្លូវបេតុងខាងលើជារឿងពិត ប្រាកដមែន លោកបានបញ្ជាក់ទៀតថា ចំពោះក្រុមហ៊ុនរបស់លោក តាន់ គឹមហួត ក្នុងនាមលោកជាមេភូមិបានណែនាំជាច្រើនលើក ច្រើនសារ រហូតរដ្ឋបាលសង្កាត់និមិត្តបានចេញលិខិតអញ្ជើញអោយចូលខ្លួនមកដំណោះស្រាយនៅសាលាសង្កាត់ចំនួនពីរបីលើកដែរ តែខាងតំណាងក្រុមហ៊ុនក៏បានលើកឡើងថា ចាំដោះស្រាយជូនៗ ប៉ុន្តែបញ្ហានៅដដែលបាត់ស្ងាត់ឈឹង។
លោកមេភូមិបានបន្តទៀតថា រឿងផ្លូវបេតុងខូចខាត មិនមែនខូចខាតមកពីម៉ូតូ រថយន្តធុនតូច លក្ខណៈគ្រួសារ គោយន្តទេ គឺពិតជាបណ្តាលមកពីក្រុមហ៊ុនរថយន្តដឹកដីរបស់លោក តាន់ គឹមហួតមែន៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក