ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ពឹងផ្អែកលើប្រព័ន្ធផ្លូវច្បាប់ ជាក់ស្ដែងទំនាស់ដីធ្លីរវាងលោកស្រី ខូវ ប៉ោស៊ាង ជាមួយនឹងលោកឧកញ៉ា លឹម ហ៊ុយឡេង ដែលលោកស្រីបានឈ្នះក្តី តាំងពីសាលាដំបូងខេត្តព្រះសីហនុ រហូតដល់តុលាការកំពូល ដោយសាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ បានសម្រេច និងបង្គាប់ឲ្យលោកឧកញ៉ា លឹម ហ៊ុយឡេង និង ប្រពន្ធឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ លេខ២ ក្រុងព្រះសីហនុ ទៅឲ្យលោកស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ប៉ុន្តែសាលដីកាតុលាការកំពូលនោះមិនត្រូវបានលោក ឧកញ៉ា លឹម ហ៊ុយឡេង និង ប្រពន្ធអនុវត្តតាមនោះឡើយ។
លោកស្រី ខូវ ប៉ោស៊ាង បានធ្វើការបញ្ជាក់ថា រូបគាត់មានដីមួយកន្លែងទំហំ ៥៣៧៧ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុត្រូវបានលោកឧកញ៉ា លឹម ហ៊ុយឡេង និងប្រពន្ធ ធ្វើប្លង់កម្មសិទ្ធិរំលោភយកទាំងបំពាន។ ដោយបញ្ហានេះលោកស្រី បានដាក់ពាក្យបណ្តឹងតាមច្បាប់ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីទាមទារដីនោះយកមកវិញ ហើយសាលាដំបូងខេត្តព្រះសីហនុក៏បានសម្រេច និងតម្រូវឲ្យលោកឧកញ៉ា លឹម ហ៊ុយឡេង និងប្រពន្ធ ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រការរ៉េ ដែលមាននៅក្នុងវិញ្ញាបនបត្រសម្គាល់អចលនវត្តុលេខ ១៨០១០ ២០២.០៣៨៩ ចុះថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៥ (ជាបណ្ណ័កម្មសិទ្ធិរបស់លោកឧកញ៉ា លឹម ហ៊ុយឡេង) ទៅឲ្យលោកស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងដីធ្វើជាម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។
ប៉ុន្តែការសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុ ត្រូវបានលោកឧកញ៉ា លឹម ហ៊ុយឡេង និងប្រពន្ធ ដាក់ពាក្យប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៏រហូតដល់តុលាការកំពូល ប៉ុន្តែជាលទ្ធផលសាលាឧទ្ធរណ៏ និងតុលាការកំពូលនៅតែសម្រេចឲ្យលោកឧកញ៉ា លឹម ហ៊ុយឡេង និងប្រពន្ធ ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ទៅលោកស្រី ខូវ ប៉ោស៊ាង ដដែលព្រមទាំងចេញដីកាបង្គាប់ឲ្យអាជ្ញាធរមន្រ្តីជំនាញសុរិយោដីដែលមានសមត្ថកិច្ច ធ្វើវិធីផ្ទេរចុះបញ្ជីកឬសិទ្ធិ (កាត់ឈ្មោះ) ដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ប្រគល់ឲ្យលោកស្រី ខូវ ប៉ោស៊ាងផងដែរ។
ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺលោកឧកញ៉ា លឹម ហ៊ុយឡេង និងប្រពន្ធហាក់មានចេតនាមិនព្រមអនុវត្តតាមសាលដីកាតុលាការកំពូលនោះឡើយ បើទោះជាលោកឡា ប៊ុនហួន អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុបានចុះទៅអនុវត្តសាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០ ដល់ទីតាំងដីដែលត្រូវប្រគល់ឲ្យលោកស្រី ខូវ ប៉ោស៊ាង រូចហើយក៏ដោយ។
ជុំវិញបញ្ហាវិវាទទំនាស់ដីធ្លីខាងលើនេះ តំណាងលោកឧកញ៉ា លឹម ហ៊ុយឡេង បានទទូលស្គាល់ថាលោកពិតជាចាញ់ក្តីលោកស្រី ខូវ ប៉ោស៊ាង ប្រាកដមែនហើយ លោកក៏មិនប្រឆាំងជាមួយនិងអំណាចសាលដីការបស់តុលាការកំពូលនោះដែរ ប៉ុន្តែដីរបស់លោកគឺជាដីមានបណ្ណ័កម្មសិទ្ធិស្របច្បាប់ដែលកសាងឡើងដោយមន្រ្តីជំនាញត្រឹមត្រូវ ហើយបច្ចុប្បន្នបណ្ណ័កម្មសិទ្ធិទីតាំងដីនោះនៅតែជាកម្មសិទ្ធិរបស់លោកដដែល។
ដូចនេះហើយ ទើបប្រជាពលរដ្ឋដែលជាអ្នកឈ្នះក្តីពឹងទៅលើច្បាប់អំណាចតុលាការបែរជាលោកឧកញ៉ា មានឥទ្ធិពលមិនព្រមប្រគល់ដីឲ្យគាត់ទៅតាមអំណាចតុលាការនោះដដែល តើគាត់ជាប្រជាពលរដ្ឋទៅរំពឹងច្បាប់ឯណាទៀត ទើបគាត់មានសិទ្ធិគ្រប់គ្រងដីស្របច្បាប់របស់ខ្លួនវិញបាន បើគាត់ឈ្នះក្តីតាំងពីសាលាដំបូងខេត្តរហូតដល់តុលាការកំពូលហើយនោះ៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក